ភ្នំពេញ ÷ បុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយនិងកូនតូចម្នាក់ទៀត បានបើករថយន្តដឹកទំនិញធុនធំមួយគ្រឿង បានបត់ចុះផ្លូវចំណោតជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម រួចបន្តទៅបុកចូលផ្ទះពលរដ្ឋ រងការខូចខាតអស់ទ្វារ នៅខាងក្រៅនិងសំយ៉ាបផ្ទះអស់មួយចំនួន ចំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០០ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ កែងនឹងផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសវ័យចំណាស់ម្នាក់ រួមដំណើរជាមួយនិងកូន បានបើករថយន្តដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3D- 9364 បើកបតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានបត់ស្តាំចុះផ្លូវចំណោតចូល តាមបណ្តោយផ្លូវ៤៣២ ស្រាប់តែជាន់ហ្រ្វាំងមិនជាប់បួងចង្កូតជ្រុល ទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម រួចបន្តល្បឿនបុកទ្វារ និងសំយ៉ាបផ្ទះពលរដ្ឋរងការខូចខាតអស់មួយចំនួន បន្ទាប់មកបានម្ចាស់ផ្ទះ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកពិនិត្យនិងធ្វើការបោះវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃក្នុងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត



