Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះបើកល្បែងស៊ីសង ក្នុងខណ្ឌសែនសុខ ជាដង្កូវកំពុងស៊ីរូងសុភមង្គលប្រជាពលរដ្ឋ ហេតុអ្វីសមត្ថកិច្ចឈរមើល ?!

spot_img

ភ្នំពេញ ៖ ផ្ទះបើកល្បែងស៊ីសងសម្រុកលេងបៀរទាំងថ្ងៃទាំងយប់ មានលេងបៀប ប៉ក់ក្ឌាំង អុងឌូ ស៊ីក្រហម និងលេងប្រភេទផ្សេងៗជាច្រើនទៀត ដុះស្លែយូរហើយ មិនឃើញមានសមត្ថកិច្ចណាទៅបង្ក្រាបសោះ ទុកឱ្យមេខ្លោងឫសគល់នៃបទល្មើស ក្នុងសង្គមកម្ពុជាមួយនេះ ធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត មិនតែប៉ុណ្ណោះមេល្បែងនៃផ្ទះមួយនេះ បានដាក់បងធំជាអ្នកសារព័ត៌មានម្នាក់ ឱ្យចាំមើលផ្លូវ និងកាងល្បែងបៀអាវ៉ាសែមួយនេះ ហើយអ្នកសារព័ត៌មានរូបនោះ ពេលស្ថិតក្នុងផ្ទះល្បែងអាវ៉ាសែមួយនេះ ក៏កាត់ចរិតពាលទៅតាមគ្នាគេ គឺស្ទុះមកដណ្ដើមម៉ាស៊ីនថត កាមេរ៉ាទូរស័ព្ទពីអ្នកសារព័ត៌មាន CEN ដែលចុះទៅប្រមាញ់យករូបភាពនិងព័ត៌មាន។

ទីតាំងបើកល្បែងសុីសងលេងបៀដុះស្លែមួយកន្លែងនេះ ស្ថិតក្នុងផ្ទះលេខ៥៤A ផ្លូវ១៩៧៤ កែងនឹងផ្លូវ១០១១ ទឹកដីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺលេងបៀខួបប្រាំង ខួបវស្សា មិនដែលមានសមត្ថកិច្ចណាបង្ក្រាប ទុកឱ្យផ្ទះល្បែងមួយនេះ ក្លាយជាដង្កូវចោះស៊ីរូងសុភមង្គលប្រជាពលរដ្ឋ។ បានជាថា ផ្ទះល្បែងមួយនេះ ជាដង្កូវស៊ីរូងសុភមង្គលប្រជាពលរដ្ឋនោះ ព្រោះថា ប្រជាជនប្រុស-ស្រី ដែលចូលលេងល្បែង មានដូចជា ប៉ក់ក្ឌាំង អុងឌូ ស៊ីក្រហម ជាដើម ពេលចាញ់បោសគូទខោអស់ពីខ្លួន ទៅដល់ផ្ទះវិញ ប្រពន្ធឈ្លោះទាស់ទែងបែកផ្សែងជាមួយប្ដី , ប្ដីឈ្លោះទាស់ទែងបែកផ្សែងជាមួយប្រពន្ធ ធ្វើឱ្យកូនៗ ព្រមទាំងក្រុមគ្រួសារទាំងមូល គ្មានសេចក្ដីសុខ គ្មានសុភមង្គល។

ប្រភពពីអ្នកចេញ-ចូលលេងល្បែងក្នុងផ្ទះលេខ៥៤A ផ្លូវ១៩៧៤ កែងនឹងផ្លូវ១០១១ ទឹកដីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខាងលើនេះ បាននិយាយឱ្យដឹងថា ស្រីស្រីខ្លះ បានបំផ្លាញសុភមង្គលគ្រួសារ ដោយសារតែកិបកេងលុយពីប្ដី ឬលួខយកលុយ នៅក្នុងផ្ទះដែលប្ដីខំរកបានសន្សំទុក មកលេងល្បែងចាញ់អស់ រួចហើយពាក់មុខយក្សដាក់គ្នា ក្រោមក្រសែភ្នែកសម្លឹងឡិងឡង់ពីសំណាក់កូនៗ ដែលមិនយល់រឿងហេតុ និងមានអារម្មណ៍តប់ប្រមល់ ព្រមទាំងភ័យខ្លាចចំពោះឪពុកម្ដាយដែលឈ្លោះគ្នានៅចំពោះមុខ។

អ្នកដែលធ្លាប់ចូលលេងល្បែងក្នុងផ្ទះនេះ បានរៀបរាប់ទៀតថា មនុស្សច្រើនកុះករប្រមូលផ្ដុំគ្នាចូលលេងល្បែងមិនញញើតច្បាប់ ថែមទាំងមិនគោរពវិធានការរដ្ឋបាលរាជធានីភ្នំពេញ , មិនគោរពវិធានការក្រសួងសុខាភិបាល អ្វីបន្តិចសោះ។ មនុស្សប្រុស-ស្រីដែលចូលទៅលេងល្បែងភាគច្រើន ត្រូវបានក្រុមធ្វើស៊ីទាក់ទាញហៅមកលេង ដោយបញ្ចុះបញ្ចូលធ្វើឲ្យមនុស្សប្រុស-ស្រីទាំងនោះ លង់អារម្មណ៍ ហើយក៏ចូលទៅលេងល្បែងស៊ីសង ក្នុងផ្ទះនោះតាមការបញ្ចុះបញ្ចូល របស់ក្រុមធ្វើស៊ី រួចហើយក៏ចាញ់អស់ពីខ្លួន។ តើសមត្ថកិច្ចខណ្ឌសែនសុខ មានបានដឹងផ្ទះល្បែងអាវ៉ាសែ ដែលជាដង្កូវស៊ីរូងសុភមង្គលប្រជាពលរដ្ឋនេះដែរទេ ?! ហេតុអ្វីមិនបង្ក្រាប ?! ដើម្បីសុភមង្គលប្រជាពលរដ្ឋទូទៅក្នុងសង្គម សូមជួយបង្ក្រាបល្បែងស៊ីសងមួយនេះផង កុំដេកលក់យូរពេក។

ទាក់ទិននឹងការលេងល្បែងនេះដែរ ស្រីៗខ្លះ ភូតកុហកប្ដីរឿងលុយ រហូតដល់ចាញ់អាត្មា ហើយក៏តាំងប្រើហិង្សា ពាក្យសម្ដីជេរប្រមាថគ្នាទៅវិញទៅមក , រួចហើយខាងស្រីដែលប្រព្រឹត្តល្បែងមិនទទួលស្គាល់កំហុសនោះ ក៏បែកគំនិតរត់ចេញពីផ្ទះ ហ្នឹងហើយគេហៅថា ល្បែងបៀមួយនេះ ជាដង្កូវស៊ីរូងសុភមង្គលគ្រួសារប្រជាពលរដ្ឋ… ករណីនេះ ប្រុសក៏ដូវគ្នាអ៊ីចឹងដែរ។

មហាជនដែលដឹង និងស្គាល់ច្បាស់អំពីផ្ទះបើកល្បែងស៊ីសងនេះ បានលើកឡើងថា ចោរលួច ចោរឆក់ ចោរប្លន់ គឺកើតចេញពីផ្ទះល្បែងស៊ីសងអាវ៉ាសែនេះ ព្រោះថា ពេលជនណាមួយលេងល្បែងចាញ់អស់ គេនឹងងលួចលុយក្នុងគ្រួសារ, បន្ទាប់មកគេលួចទ្រព្យសម្បត្តិក្នុងផ្ទះយកទៅលក់ , ពេលអស់ទ្រព្យសម្បត្តិក្នុងផ្ទះ , គេបែកគំនិតដើរលួចនៅខាងក្រៅផ្ទះខ្លួនឯង គឺតាមផ្ទះអ្នកដទៃ ឬទីសាធារណៈផ្សេងៗ , បន្ទាប់មក គឺប្រើអាវុធគំរាមកំហែងសម្លុតប្លន់លុយ ឬទ្រព្យសម្បត្តិជនានុជន។ ហ្នឹងហើយដែលនាំឱ្យកើតអសន្តិសុខក្នុងសង្គម ដូច្នេះទេ សមត្ថកិច្ចបើចង់បង្រ្កាបចោរលួច ចោរឆក់ ចោរប្លន់ ឬជនប្រព្រឹត្តល្មើសផ្សេងៗឱ្យអស់នោះ គឺត្រូវបង្ក្រាបប្រភពដែលផ្ដល់ដើមកំណើតឲ្យពពួកចោរទាំងនោះ ឱ្យអស់ជាមុនសិន នោះគឺផ្ទះល្បែងស៊ីសង ឬវង់ល្បែងស៊ីសង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×