ភ្នំពេញ ÷ ស្ត្រីម្នាក់ដេកស្លាប់នៅបន្ទប់ជួលជាន់ទី៣ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចបន្ទប់ជួលជាន់ទី៣ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

សពស្ត្រីរងគ្រោះមានឈ្មោះ ភាន ស៊ាងហៃ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
យោងតាមសម្តីរបស់ក្មួយស្ត្រីរូបនោះ បានឲ្យដឹងថា មីងរបស់គាត់ដែលបានស្លាប់បាត់បង់ជីវិតនេះ គឺទើបតែមកពីស្រុកកំណើត នៅឯខេត្តកំពង់ចាម ទាំងខ្លួនគាត់មានជំងឺប្រចាំកាយផង ដោយសារតែជីវភាពខ្វះខាត និងជំពាក់បំណុលធនាគារផងនោះ គាត់ក៏សម្រេចចិត្តមករកការងារធ្វើ នៅភ្នំពេញបានរយៈពេល២ថ្ងៃប៉ុណ្ណោះ ហើយក៏បានសុំក្មួយរបស់គាត់ស្នាក់នៅបន្ទប់ ជាមួយគ្នាដែលមានគ្នាចំនួន៣នាក់ លុះនៅព្រឹកថ្ងៃកើតហេតុ ក្មួយស្រីរបស់គាត់បានដាស់មីង ឲ្យក្រោកទៅធ្វើការដោយស្រែកហៅផងយកដៃទៅអង្រួនផង ក៏នៅតែមិនងើប ទើបដឹងថាម្តាយមីងរបស់គាត់ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ភ្លាមៗនោះក្មួយស្រី របស់ស្ត្រីរងគ្រោះ ក៏បានរាយការណ៍ជូន ដល់សមត្ថកិច្ចមូលដ្ឋាន ក្រោយពេលទទួលព័ត៌មានថា មានមនុស្សស្លាប់បែបនេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយនគរបាលជំនាញខណ្ឌមានជ័យ កម្លាំងការិយាល័យកោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងក្រុមគ្រូពេទ្យចុះមក ពិនិត្យសពនិងយកសំណាក ធ្វើតេស្តរកមេរោគកូវីដ ១៩ ។

បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យសំណាករួច លទ្ធផលអវិជ្ជមាន ដោយឡែកខាងជំនាញកោសល្យវិច័យ បានបញ្ជាក់ឲ្យដឹងថា សពស្ត្រីខាងលើនេះ គឺស្លាប់ដោយសារគាំងបេះដូង និងថប់ដង្ហើម។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ៖សួង សាម









