Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញ នូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញជូនប្រជាជន ដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។ ការចាក់ដូសជំរុញសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើងទៅ នឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ រាជរដ្ឋាភិបាល បានគូសរំលេចដោយផ្អែកតាមការសិក្សាស្រាវជ្រាវ រកឃើញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ កម្រិតភាពសុាំប្រឆាំងនឹងមេរោគកូវីដ១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ខែ សម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ។

អាស្រ័យហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចឱ្យមានការចាក់ដូសជំរុញ។ បើតាមរាជរដ្ឋាភិបាល ការចាក់ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ មួយ និងជាខ្សែក្រវាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាន នូវភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិ ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះ តាមគន្លងប្រក្រតីភាពថ្មី។ គិតរហូតមក ដល់ពេលបច្ចុប្បន្ន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត សម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើរ ដែលមានប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ចំនួន ប្រមាណ ៨៨% ធៀបនឹងគោលដៅចំនួន ១០ លាននាក់ ហើយកុមារ និងយុវជនអាយុចាប់ពី ១២ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ ចំនួនប្រមាណ ៥៦% ធៀបនឹងគោលដៅចំនួនប្រមាណជិត ២ លាននាក់ បានទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩។ ផ្អែកលើវឌ្ឍនភាពដ៏ល្អប្រសើរនេះ និងដោយសារមានការគាំទ្រ និងចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីសំណាក់ប្រជាជននៅគ្រប់មជ្ឈដ្ឋាន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នេះ ត្រូវ បានរំពឹងថានឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ មុនផែនការដែលបាន គ្រោងទុក។

ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេល បានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ជាច្រើន តាមរយៈការកាត់បន្ថយករណ៏ឆ្លង, ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ-១៩ និង បានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយដែលបណ្តាលមកពីជំងឺកូវីដ-១៩ នេះ ព្រមទាំងធ្វើឱ្យសភាពការណ៍ បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ប៉ុន្តែ ការរកឃើញ ជាបន្តបន្ទាប់ក្នុងសហគមន៍នៃមេរោគកូវីដ-១៩. បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) បាននាំមកនូវបញ្ហា ប្រឈមថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសារមេរោគ បំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពចម្លងបានលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំង អាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបាន។ ទឡ្ហករណ៍បែបវិទ្យាសាស្ត្រដែលបានលើកឡើងនៅក្នុងឯកសារ សិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ, កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ ខែ សម្រាប់ករណីទូទៅនិងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ ហើយការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើង ថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។ ផ្អែកលើទឡឺករណ៍វិទ្យាសាស្ត្រខាងលើនេះ និងយោងតាមប្រភពព័ត៌មានដែលផ្សព្វផ្សាយជាសាធារណៈ ប្រទេស ជាច្រើន រួមមាន អ៊ីស្រាអែល, សហរដ្ឋអាមេរិក, ហុងគ្រីឥណ្ឌូនេស៊ី, អារ៉ាប់អេមីរ៉ាត, រុស្ស៊ី, ឈីលីបារាំង, អង់គ្លេស, អាល្លឺម៉ង់អូទ្រីស ជាដើម បានសម្រេចចិត្ត ឬគ្រោងចាក់វ៉ាក់សាំងដូសជំរុញនេះ ដើម្បីទប់ទល់ ជាមួយនឹងការវាយលុកទ្រង់ទ្រាយធំនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មី ផ្សេងទៀត។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា, ទន្ទឹមនឹងការសម្រេចប្រើប្រាស់វ៉ាក់សាំងប្រភេទ AstraZeneca ដើម្បីចាក់ជាដូសជំរុញដល់មន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាម តំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) កាលពីដើមខែ សីហា ឆ្នាំ២០២១ កន្លងទៅ, ក្រុមការងារជំនាញក៏បានសិក្សាស្រាវជ្រាវរកឃើញដែរថា ការចាក់ដូសជំរុញនេះ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើនលើស ពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ហើយការចាក់ដូសជំរុញនេះថែមទាំងអាច បង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

ផ្អែកតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រខាងលើ និងក្នុងគោលបំណងបង្កើតឱ្យបានឆាប់រហ័ស នូវ “ភាពសុំសហគមន៍រឹងមាំពិតប្រាកដមួយ” ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពី មេរោគកូវីដ-១៩ពិសេស ប្រភេទដែលតា (Delta) ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជា ដើម្បីត្រៀម លក្ខណៈឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និង ការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, រាជរដ្ឋាភិបាលសម្រេចប្រកាសដាក់ចេញ នូវ “គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ“ ដល់ប្រជាជនទូទៅចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១ នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយអនុវត្តតាមគោលការណ៍ ដូចខាងក្រោម៖

១-គោលការណ៍ស្ម័គ្រចិត្ត៖ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្ត “គោលការណ៍ស្ម័គ្រចិត្ត” ដដែល ចំពោះ ការចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បន្តលើកទឹកចិត្តដល់ប្រជាជន ដែលមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌបច្ចេកទេសដែលបានចាក់វ៉ាក់សាំងជុំទី១ រួច មកទទួលយក វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជួយបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងប្រឆាំងនឹងមេរោគកូវីដ-១៩ ជាពិសេស ទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងបង្កើត ឱ្យបាននូវ “ភាពសុំសហគមន៍រឹងមាំពិតប្រាកដមួយ” សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

២-គោលការណ៍ឥតគិតថ្លៃ៖ ជារួម រាជរដ្ឋាភិបាលបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះជូនប្រជាជនដោយឥតគិតថ្លៃ ដូចការចាក់វ៉ាក់សាំងនៅជុំទី១ ដែរ។ ទន្ទឹមនេះ ដើម្បីបង្កើនល្បឿននៃការចាក់ វ៉ាក់សាំងដូសជំរុញនេះ ក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ, រាជរដ្ឋាភិបាលលើកទឹកចិត្ត និង អំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាម គ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ នេះ។ ដោយឡែក បណ្តារោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមចំណែក ចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដល់បុគ្គលិក និង កម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅតាម រោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម និងធានាបាននូវសុវត្ថិភាព និងនិរន្តភាពនៃកិច្ចដំណើរការផលិតកម្ម ជាប្រក្រតីនៅក្នុងរោងចក្រ-សហគ្រាស ឬអាជីវកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានយន្តការ ដើម្បី សម្របសម្រួលជាមួយវិស័យឯកជន និងតួអង្គពាក់ព័ន្ធ ទាំងលើការរួមចំណែករបស់រោងចក្រ-សហគ្រាស និង ម្ចាស់អាជីវកម្មធំៗ ក្នុងការជួយរ៉ាប់រងចំណាយ ដើម្បីចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិក និងកម្មករ-និយោជិត របស់ខ្លួន ទាំងលើការជួយគាំទ្រដល់វិស័យឯកជនក្នុងការនាំចូល និងចែកចាយវ៉ាក់សាំងកូវីដ-១៩ និងផ្តល់ សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជាក្នុងថ្លៃសមស្រប។

៣-ការធ្វើអាទិភាវូបនីយកម្មនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ទៅលើក្រុមមនុស្ស និងតាមទីតាំង ភូមិសាស្ត្រ៖ ការចាក់វ៉ាក់សាំងដូសជំរុញនេះ ត្រូវផ្ដើមចេញពីក្រុមមន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងចាប់ផ្តើមពីតំបន់ដែលមានហានិភ័យខ្ពស់, ប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ៦០ ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយខ្សោយ មុននឹងបន្តទៅចាក់ជូន ប្រជាពលរដ្ឋទូទៅ ស្របតាមអភិក្រម “ផ្ការីក” ដូចដែលបានអនុវត្តសម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅជុំទី១ ដោយផ្តើមចេញពីរាជធានីភ្នំពេញ, ខេត្តកណ្តាល និងបន្តទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស។

៤-ការធានាប្រសិទ្ធភាព និងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ៖ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ, ក្រសួងសុខាភិបាល និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវ អនុវត្តនូវគោលការណ៍ ដូចខាងក្រោម៖

  • ផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាវ៉ាក់សាំងដូសជំរុញ តែចំពោះប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែល ត្រូវបានទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់ដោយអង្គការសុខភាពពិភពលោក និងដោយ ក្រសួងសុខាភិបាលកម្ពុជាប៉ុណ្ណោះ។
  • កំណត់អំពីប្រភេទវ៉ាក់សាំងសម្រាប់ប្រើប្រាស់ជាដូសជំរុញ សម្រាប់សម្រួលដល់ការស្វះស្វែងរក វ៉ាក់សាំង និងធានាបាននូវការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដោយយន្តការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជន។
  • កំណត់អំពីរបបនៃការចាក់វ៉ាក់សាំងដូសជំរុញ ទាំងរបបនៃការចាក់វ៉ាក់សាំងប្រភេទចម្រុះ (Heterologous Vaccination Regiment) ទាំងរបបនៃការចាក់វ៉ាក់សាំងប្រភេទតែមួយដូចគ្នា (Monologues Vaccination Regiment) ព្រមទាំងធ្វើការណែនាំដល់សេវាសុខាភិបាលឯកជនអំពីរបបនៃការចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន។ ទន្ទឹមនេះ ក្រសួងសុខាភិបាលត្រូវបន្តសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នកម្ម ជាប្រចាំអំពីរបបចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ, ប្រភេទវ៉ាក់សាំងដែលអាចប្រើជាដូសជំរុញ និងគម្លាត ពេលវេលានៃការចាក់ដូសជំរុញនេះ ហើយធ្វើការផ្សព្វផ្សាយព័ត៌មាន និងជូនដំណឹងដល់សេវាសុខាភិបាល និងសាធារណជនឱ្យបានទូលំទូលាយ។
  • ជូនដំណឹងដល់សាធារណជនអំពីរបបនៃការចាក់វ៉ាក់សាំង និងណែនាំអំពីរបៀបនៃការទទួល បានការចាក់វ៉ាក់សាំងដូសជំរុញនេះ ដោយរួមទាំងប្រភេទវ៉ាក់សាំងដែលអាចប្រើជាដូសជំរុញ, គម្លាតពេលវេលា នៃការចាក់ដូសជំរុញ និងរបបនៃការចាក់វ៉ាក់សាំងដូសជំរុញ។

៥-យន្តការអនុវត្តគោលនយោបាយ៖ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំង ដូសជំរុញនេះ, រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូនដល់ក្រសួង-ស្ថាប័ន និងយន្តការដែលមានការពាក់ព័ន្ធ ដូចខាងក្រោម៖

  • គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវដឹកនាំសម្របសម្រួលការងាររួម និងតាមដានត្រួតពិនិត្យការអនុវត្តសេចក្តីប្រកាសគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព។
  • គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវរៀបចំផែនការ សកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងត្រូវខិតខំដឹកនាំសម្របសម្រួលការអនុវត្តផែនការនេះឱ្យបាន ចប់សព្វគ្រប់តាមការគ្រោងនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ ព្រមទាំងត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងផ្ដល់ការគាំទ្រចាំបាច់នានាដល់ការអនុវត្តផែនការ សកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយរាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសេវាសុខាភិបាល ឯកជនផងដែរ។
  • គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ត្រូវរៀបចំផែនការលទ្ធកម្ម បម្រើឱ្យផែនការសកម្មភាព ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងស្វះស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំង តាមរយៈ យន្តការទ្វេភាគី និងពហុភាគី ដើម្បីត្រៀមបម្រុងវ៉ាក់សាំងទុកជាមុនឱ្យបានគ្រប់គ្រាន់ សម្រាប់ការចាក់ដូសជំរុញ នេះ ស្របតាមយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងតាមផែនការសកម្មភាព ដែលរៀបចំដោយគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ដោយសារប្រជាជនកម្ពុជាភាគច្រើន លើសលប់បានទទួលការចាក់វ៉ាក់សាំងប្រភេទ Sinopharm និង Sinovac ជាវ៉ាក់សាំងមូលដ្ឋាន ហើយ ដោយសារវ៉ាក់សាំងប្រភេទនេះ ត្រូវបានរកឃើញដោយក្រុមការងារជំនាញថា អាចជាជម្រើសមានប្រសិទ្ធភាព មួយក្នុងការប្រើប្រាស់សម្រាប់ជាដូសជំរុញ ទាំងចំពោះអ្នកដែលបានចាក់វ៉ាក់សាំងមូលដ្ឋានប្រភេទ Sinopharm ឬ Sinovac ទាំងចំពោះអ្នកដែលបានចាក់វ៉ាក់សាំងមូលដ្ឋានប្រភេទ AstraZeneca ឬ Johnson & Johnson, ដូច្នេះ ក្នុងការរៀបចំផែនការលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ, គណៈកម្មការចំពោះកិច្ច ទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ត្រូវបន្តយកមិត្តចិនធ្វើជាបង្អែកផ្នែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដល់ព្រះរាជាណាចក្រកម្ពុជា ហើយប្រភពផ្សេងទៀត នៅបន្តជាប្រភពគាំទ្រ ដែលបម្រើឱ្យតម្រូវការចាំបាច់នៃ ផែនការវ៉ាក់សាំងរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងជាវ៉ាក់សាំងដូសជំរុញ ទាំងជាវ៉ាក់សាំងសម្រាប់ជុំទី២ ផ្អែកតាមលទ្ធភាពរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
×