ខេត្តព្រះសីហនុ ៖ បុរសម្នាក់ដែលបានបាត់ខ្លួន កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្នុងហេតុការណ៍ទឹកគួចចូលប្រឡាយ នាព្រឹកថ្ងៃទី២៥ ខែសីហា វេលាម៉ោងជាង១០ព្រឹកនេះ ត្រូវបានគេប្រទះឃើញ ហើយនៅក្នុងប្រឡាយ ម្តុំចន្លោះស្ពានអាចម៍មឹក និង ស្ពានអង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត បានបញ្ជាក់ថា សាកសពត្រូវបានក្រុមការងារចម្រុះ របស់គណៈបញ្ជាការឯកភាពខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ ពីឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានរកឃើញហើយ នៅវេលាម៉ោងជាង១០ព្រឹកនេះ បន្ទាប់ពីនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង០៥និង០០នាទីល្ងាច ដល់ម៉ោង០៨និង០០នាទីយប់ មានភ្លៀងធ្លាក់ខ្លាំង ដោយកម្រិតទឹកភ្លៀង កើនឡើងពីចន្លោះ១២០មម ទៅដល់២៧៩មម បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០និង០០នាទីយប់ ទឹកភ្លៀងបានស្រកវិញ នៅតាមអូរប្រឡាយសំខាន់ៗ នៅក្នុងក្រុងព្រះសីហនុ។
បើយោងតាមការព្យាករណ៍ នឹងមានករណីភ្លៀងធ្លាក់ ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ដូច្នេះរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវបង្កើន ការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំង ដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើរតាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ