សិង្ហបុរី ៖ ក្រោយពេលលោកស្រី អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានវាយប្រហារទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង បង្កើនសកម្មភាពយោធា នៅក្នុងសមុទ្រចិនខាងត្បូង បង្កការគំរាមកំហែងដល់ប្រទេសនានា នៅក្នុងតំបន់ ប៉ុន្ដែចិនបានឆ្លើយតបភ្លាមៗថា ការដាក់ទ័ពរបស់ខ្លួន នៅទីនោះ គឺដើម្បីការពារធនធានធម្មជាតិ។
លោកស្រី ខាម៉ាឡា ហាររីស (Kamala Harris) អនុប្រធានាធិបតិសហរដ្ឋអាមេរិក បានសុន្ទរកថា នៅក្នុងប្រទេសសិង្ហបុរី ដោយចោទប្រកាន់ទីក្រុងប៉េកាំង អំពីការបង្កើនសកម្មភាពយោធា បំភិតបំភ័យ និងការគំរាមគំហែង នៅសមុទ្រចិនខាងត្បូង។ សកម្មភាពយោធារបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងនេះ បាន និងកំពុងធ្វើឲ្យតំបន់នេះឡើងកម្ដៅ កាន់តែខ្លាំងឡើង អស់រយៈពេលជាយូរឆ្នាំកន្លងមកហើយ។
លោកស្រី ខាម៉ាឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងឈរនៅជាមួយនឹងសម្ពន្ធមិត្តរបស់យើង នៅក្នុងការប្រឈមមុខជាមួយនឹងការគំរាមកំហែងនានា។ ចិនតែងតែអះអាង ភាគច្រើនបំផុត នៃដែនសមុទ្រចិនខាងត្បូង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។ ប៉ុន្ដែការអះអាងដោយខុសច្បាប់របស់ចិន ត្រូវបានតុលាការអន្ដរជាតិ សម្រេចទាត់ចោល កាលពីឆ្នាំ២០១៦។ បើទោះជាយ៉ាងនេះក្ដី ប៉ុន្ដែរដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែបន្ត ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ផ្អែកលើច្បាប់ និងគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសនានា នៅក្នុងតំបន់។
សូមជម្រាបថា សមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ សម្បូរទៅដោយជីវចម្រុះ រ៉ែជាច្រើនប្រភេទ និងឧស្ម័ន។ សមុទ្រចិនខាងត្បូងនេះ មានទំហំពាណិជ្ជកម្មឆ្លងកាត់ទៅកាន់ទីផ្សារពិភពលោក មានទំហំទឹកប្រាក់៣លាលានដុល្លារសហរដ្ឋអាមេរិក ($3 Trillion ) ក្នុងមួយឆ្នាំៗ។ រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែអះអាងថា សមុទ្រចិនខាងត្បូង ទំហំ៨០ភាគរយ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ចិន។ ដោយសារតែចិនអះអាងបែបនេះ ទើបបង្កឲ្យមានជម្លោះជាមួយនឹងបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី។
ជាមួយគ្នានេះ ចិនតែងតែបង្កើនសកម្មភាពយោធា នៅក្នុងសមុទ្រចិនខាងត្បូង ទើបសហរដ្ឋអាមេរិក បើកនាវាផ្ទុកយន្ដហោះជាច្រើនគ្រឿង ចូលមកកាន់សមុទ្រចិនខាងត្បូង ក្រោមហេតុផលថា នេះជាសេរីភាពនាវាចរណ៍ ស្របតាមច្បាប់សមុទ្ររបស់អន្ដរជាតិ។ ចំណែក ចក្រភពអង់គ្លេស ក៏បានបញ្ជូននាវាផ្ទុកយន្ដហោះចំនួន២គ្រឿង អមដោយនាវាមុជទឹក និងនាវាចម្បាំងជាច្រើនគ្រឿង បើកចូលមកក្នុងសមុទ្រចិនខាងត្បូងផងដែរ។ ស្របគ្នានេះ សម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិកជាច្រើន ប្រទេសផ្សេងទៀត រួមមាន ហូឡង់ បារាំង អូស្រ្ដាលី ឥណ្ឌា … ក៏បានបើកនាវាផ្ទុកយន្ដហោះ និងនាវាចម្បាំងរបស់ពួកគេ ចូលមកធ្វើសមយុទ្ធយោធា នៅក្នុងសមុទ្រចិនខាងត្បូង ក្រោមហេតុផល សេរីភាពឥណ្ឌូ-ប៉ាស៊ីហ្វិក មិនអាចប្រទេសណាមួយគ្រប់គ្រងផ្ដាច់មុខតែម្នាក់ឯងឡើយ៕រក្សាសិទ្ធិដោយ៖សារាយSN