Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

(លម្អិតក្រុងព្រះសីហនុ) រកឃើញសពបុរសដែលបាត់ខ្លួន ទឹកជន់លើដងផ្លូវទឹកស្រកអស់ហើយ ប៉ុន្តែសំណាត់សំរាមរាយប៉ាយ ផ្ទៃមេឃអួអាប់

ព្រះសីហនុ ៖ តំបន់ជាច្រើននៃក្រុងព្រះសីហនុ ត្រូវបានល្បាយទឹកភ្លៀងធ្លាក់ជាគំហុកបណ្ដាលឱ្យជន់លិចទីក្រុងជាច្រើនកន្លែង ក្នុងនោះលំនៅឋានប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ត្រូវបានវាយប្រហារដោយជំនន់ទឹកភ្លៀងមួយនេះ, លើសពីនេះទៀតបុរសអ្នកដំណើរដោយម៉ូតូ២នាក់ ត្រូវបានទឹកហូរកួចផ្ដួលលម៉ូតូ និងកួចទាញមនុស្សឱ្យធ្លាក់ចូលអូរ ហើយលិចបាត់ទៅ, ប៉ុន្តែ ក្រោយមកត្រូវសង្គ្រោះបានម្នាក់ ចំណែកម្នាក់ទៀត គេនៅពុំទាន់រកឃើញនៅឡើយទេ គិតមកដល់ម៉ោង១០យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។

ភ្លៀងចាប់ផ្ដើមធ្លាក់រាយប៉ាយតាំងពីរសៀល ថ្ងៃទី២៤សីហា ឆ្នាំ២០២១ រហូតដល់ម៉ោង១០និង០០យប់ ធ្វើឱ្យតំបន់ជាច្រើនក្នុងក្រុងព្រះសីហនុ ត្រូវបានជន់លិច និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាច្រើនរយខ្នង ជាហេតុធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ខណ:ពួកគេរងគ្រោះពីការវាយប្រហារដោយជំងឺកូវិដ-១៩ មួយត្រួតទៅហើយ មិនទាន់ទាំងបានស្បើយផង ឥឡូវចូលដល់ការវាយប្រហារពីជំនន់ទឹកភ្លៀងមួយសាទៀត។

សូមបញ្ជាក់ថា ទឹកហូរកួចដែលនាំមនុស្សឲ្យលិចបាត់នោះ មាន ២ កន្លែង គឺ ១- ចំណុច អូរអារេវ ម្ដុំឃ្លាំងលើ ស្ថិតក្នុងភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មនុស្សដែលទឹកកួចទាញឲ្យចូលអូនោះ ត្រូវបានប្រជាពលរដ្ឋចុះអូរដេញស្ទាក់ រកឃើញ ឬសង្គ្រោះបានភ្លាមៗ, ២- ចំណុច អូរ៥ ទល់មុខសាលាដុនបូស្កូ ស្ថិតក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុរសដែលត្រូវបានទឹកកួចឲ្យហូរចូលអូរទៅបាត់ខ្លួននោះ ត្រូវបានរកឃើញសពហើយ គឺរកឃើញនៅក្នុងប្រឡាយមួយចន្លោះស្ពានអាចម៍មឹក និងស្ពានអង្គការម្លប់តាប៉ាង វេលាម៉ោងជាង១០ព្រឹក នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ចេញកម្លាំងភ្លាមៗ ចុះជួយអន្ដរាគមន៍សង្គ្រោះ និងពិនិត្យទីតាំងដែលរង់នូវការប៉ះពាល់ដោយជំនន់ទឹកភ្លៀងយ៉ាងគំហុកនេះ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ពិសេស រង់ចាំជួយប្រជាពលរដ្ឋ កុំឱ្យរងគ្រោះថ្នាក់។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានគូសបញ្ចាក់ថាគិតត្រឹមម៉ោង០៩យប់នេះ កម្រិតទឹកភ្លៀងមានកម្ពស់ ២៤៩មម, ហើយបើតាមយោងការព្យាករណ៍ ករណីភ្លៀងធ្លាក់នៅខេត្តព្រះសីហនុនេះ នឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះ បើគ្មានភាពចាំបាច់។

យកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ចាប់តាំងពីព្រឹក រហូតដល់វេលាម៉ោង ៣រសៀល ស្ថានភាពផ្ទៃមេឃនៅក្រុងព្រះសីហនុ មានភាពអាប់អួរ មិនមានគ្រាប់ភ្លៀងធំៗធ្លាក់មកទៀតនោះទេ ប៉ុន្តែគ្រាប់ភ្លៀងបានបែកសាច់ជាកំទេចតូចយើងហៅថា រលឹមផ្សែងក្រូចបានធ្លាក់រោយរាយនៅក្នុងក្រុងព្រះសីហនុ, ចំណែកឯតាមដងផ្លូវ ជំនន់ទឹកភ្លៀងបានស្រក ដោយហូរទៅតាមប្រព័ន្ធលូអស់ហើយ នៅសល់តែកាកសំរាម ឬសំណាត់ផ្សេងៗ អារាត់អារាយលើដងផ្លូវ។

ចំពោះផលប៉ះពាល់ ផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលបានរងការជន់លិចនេះ អាជ្ញាធរមូលដ្ឋាន នៅពុំទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ ព្រោះ ស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ដដែល បើទោះបីជាមានការថមថយសរសៃភ្លៀង ពីធំមកតូចបន្តិចក្ដី (ព័ត៌មានលម្អិត នឹងផ្សាយបន្ថែម)។

គួបញ្ជាក់ថា កាលពីឡុងឆ្នាំ២០១៩ ក្រុងព្រះសីហនុ បានរងការជន់លិចទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរផងដែរ ប៉ុន្តែក្រោយពីរដ្ឋបាលខេត្ត ដែលដឹកនាំដោយ លោក គួច ចំរើន បានធ្វើការស្តារប្រព័ន្ធអូរ ប្រឡាយ ដើម្បីរំដោះទឹករួចហើយ, លុះមកដល់ឆ្នាំ២០២០ ក្រុងព្រះសីហនុ ពុំមានការជនលិចនោះទេ ធ្វើឲ្យមហាជន និងប្រជាពលរដ្ឋភាគច្រើន គិតថា ប្រព័ន្ធលូដែលដឹកនាំស្ថាបនា កែសម្រួលដោយលោក គួច ចំរើន នេះ ល្អណាស់ ! ប៉ុន្តែជាក់ស្ដែង នៅថ្ងៃទី២៤ ខែសីហា ក្នុងរដូវវស្សា ឆ្នាំ២០២១នេះ ស្រាប់តែមានការជន់លិចសាជាថ្មី ដោយជំនន់ទឹកភ្លៀង ដែលកម្រិតជន់លិចនេះ ប្រហាក់ប្រហែលឆ្នាំ២០១៩ដែរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×