ភ្នំពេញ ÷ បុរសម្នាក់បានជិះម៉ូតូស្គុបពីមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តនីសាន់ រលត់នៅចំពាក់កណ្តាលផ្លូវ បណ្តាលឲ្យម៉ូតូចូលក្រោមរថយន្ត រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១និង៤០ នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ចំណុចជិតវិទ្យាល័យជាសុីមសាមគ្គី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកនីសាន់ ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AD- 5805 បើកបរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរលត់ បើកទៅមុខលែងរួច នៅពាក់កណ្តាលផ្លូវ ហើយភ្លាមៗនោះដែរ ស្រាប់តែមាន បុរសម្នាក់បានជិះម៉ូតូម៉ាកស្គុបពី ពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1GL- 7262 ធ្វើដំណើរស្របទិស មកបុកពីក្រោយរថយន្តនីសាន់ពេញទំហឹង បណ្តាលឲ្យក្បាលម៉ូតូ ចូលក្រោមរថយន្ត រងការខូចខាតមួយកំណាត់មុខ ចំណែកឯតៃកុងរថយន្តនៅកន្លែងកើតហេតុ រង់ចាំការដោះស្រាយជាមួយនឹងភាគីខាងរងគ្រោះជាម្ចាស់ម៉ូតូ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់ធ្វើការគូសនិងបាញ់ថ្នាំ យកម៉ូតូនិងរថយន្ត ដាក់ខាងឲ្យសម្របសម្រួលគ្នា ក្រោយមកក៏ម្ចាស់រថយន្ត បានព្រមសងជាសំណង ទៅលើជនរងគ្រោះជាម្ចាស់ម៉ូតូ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សាមេត




