Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រាប់ ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា”

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ សីហានេះ បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ លទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រាប់ផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់របស់កម្ពុជា” តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសំខាន់ៗ សរុបប្រមាណជាង១០០នាក់។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីលទ្ធផល នៃការសិក្សាស្រាវជ្រាវរបស់កម្មវិធីខ្សែច្រវ៉ាក់ តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានបង្ហាញអំពីផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់របស់កម្ពុជា ចំនួន ០៩មុខ រួមមាន ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែបឺរ ល្ងរ ស្ករត្នោត និងចេកក្រៀម សម្រាប់ផ្សព្វផ្សាយដល់សាធារណៈជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធនឹងផលិតផលកសិកម្មកម្ពុជា ដែលមានតម្លៃខ្ពស់ទាំងនេះ អំពីកាលានុវត្តភាពនៃផលិតផល និងទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន និងបណ្ដាទីផ្សារសក្តានុពល ដែលមានតម្រូវការទីផ្សារខ្ពស់ផ្សេងទៀត ដើម្បីជាព័ត៌មានក្នុងការសម្រេចចិត្តលើការវិនិយោគ ជាពិសេសការពង្រីកអាជីវកម្មឱ្យបានកាន់តែប្រសើរ សំដៅរួមចំណែកក្នុងការអភិវឌ្ឍន៍ពាណិជ្ជូបនីយកម្ម នៅកម្ពុជាប្រកបដោយបរិយាប័ន្ន ដែលនឹងជួយរួមចំណែកគាំទ្រ ដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឆ្លៀតក្នុងកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនៅវិធានការរដ្ឋបាល និងវិធានសុខាភិបាលជាច្រើន ដែលមានភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ បត់បែនទៅតាមសភាពការណ៍ និងទីតាំងភូមិសាស្រ្តជាក់ស្តែង ដើម្បីទប់ស្កាត់ កាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងបានទាន់ពេលវេលានៃជំងឺកូវីដ-១៩ ជាពិសេសរាជរដ្ឋាភិបាល បានយកការចាក់វាក់សាំង ដែលជាវិធានការយុទ្ធសាស្រ្តគន្លឹះ សំដៅឈានទៅសម្រេច បានភាពស៊ាំសហគមន៍ ដែលជាកត្តាសំខាន់ ក្នុងការវិលត្រលប់ឱ្យបានឆាប់រហ័សទៅរកប្រក្រតីភាពថ្មី នៃការរស់នៅរបស់ប្រជាជនកម្ពុជា និងដំណើរការស្តារសង្គម-សេដ្ឋកិច្ចទ្បើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបអំពីសមិទ្ធផល និងផែនការការងារ ដែលក្រសួងពាណិជ្ជកម្មសម្រេចបាននិងកំពុងអនុវត្ត រួមមាន ការបញ្ចប់និងចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន កិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ការងារអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ការងាររៀបចំយុទ្ធសាស្រ្តទាញ យកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការងារអាទិភាពផ្សេងទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចជាតិក្នុងអំឡុងពេលនិងបន្ទាប់ពីវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះដែរ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផងដែរថា វិស័យកសិកម្មបានផ្តល់ឱ្យកម្ពុជានូវស្ថិរភាពដែលត្រូវការជាចាំបាច់ក្នុងកំឡុងពេលកូវីដ-១៩ និងជាចំណុចកណ្តាល នៃការស្តារសេដ្ឋកិច្ចឡើងវិញ។ ការសិក្សារបស់ “CAVAC” លើផលិតផលកសិកម្មដែល មានតម្លៃខ្ពស់របស់កម្ពុជានេះ ជាមគ្គុទេសន៍ថ្មីមួយសម្រាប់ការរីកចម្រើននាពេលអនាគត តាមរយៈការលើកទឹកចិត្ត វិស័យឧស្សាហកម្ម ក្នុងការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ការនាំចេញ ទៅជាប្រភេទដំណាំប្រកប ដោយភាពច្នៃប្រឌិត ដូចជា ផ្លែប័រ និងគ្រាប់ស្វាយចន្ទី។ ទាំងនេះនឹងជួយធ្វើឱ្យវិស័យកសិកម្ម មានភាពធន់និងការប្រកួតប្រជែង។

ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ “CAVAC” និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានស្នើក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធបន្ត សហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសក្នុងការលើកកម្ពស់ ផលិតកម្មផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ដើម្បីឈានទៅចាប់ទីផ្សារដែល មានសក្តានុពលក្នុងតំបន់ និងក្នុងពិភពលោក៕ រក្សាសិទ្ធិដោយ៖CEN

×