ភ្នំពេញ ៖ អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ផ្លែមៀន-តាង៉ែន សរុបចំនួន ១២០០គីឡូក្រាម ត្រូវបាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ ចន្ទមុន្នី បានចាត់ឲ្យក្រុមការងារនាំយកចែកជូនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ សម្រាប់ទទួលទានជាការលើកទឹកចិត្ត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោមឱវាទទាំងអស់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ជាពិសេសឧបត្ថម្ភផ្លែមៀន-តាង៉ែន ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ។
ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់ប្រជាកសិករដែលជាប់គាំងបញ្ហាទីផ្សារ, ហើយបានហៅថា ការប្រមូលទិញផ្លែមៀននេះ ជាវិធីដោះទ័លក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ដោយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ៕រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





