ភ្នំពេញ ៖ ក្រុមហ៊ុន Oak Sourcing&Logistic,LLC ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសម្ភារបរិក្ខារពេទ្យ ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានឧបត្ថម្ភឈុតវេជ្ជសាស្រ្តជាង ២លាន ដល់កម្ពុជា ដើម្បីរួមចំណែកជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានដឹកមកដល់កម្ពុជា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

លោក ម៉េតដេវ សេនវីង គណៈគ្រប់គ្រងក្រុមហ៊ុន Oak Sourcing&Logistic,LLC បានថ្លែងឱ្យដឹងថា «យើងមានសេចក្តីត្រេកអរជាខ្លាំង ក្នុងការឧបត្ថម្ភឈុតវេជ្ជសាស្ត្រការពារ ដែលជាសម្ភារៈបរិក្ខារការពារខ្លួនសំខាន់ និងចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងពេលដែលប្រទេសមួយនេះ កំពុងជួបនឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងកម្រិតគួរឲ្យព្រួយបារម្ភ និងមានករណីស្លាប់ច្រើនជាងមុន។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Oak Sourcing&Logistic,LLC
ដែលបានចូលរួមឧបត្ថម្ភ សម្ភារ: បរិក្ខារវេជ្ជសាស្ត្រ ជាឈុតការពារដល់ប្រទេសកម្ពុជា ខណៈដែលប្រទេសកម្ពុជា កំពុងមានតម្រូវការចាំបាច់បំផុតក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






