ភ្នំពេញ ÷ ហួសចិត្តក្រុមបង្រ្កាបគ្រឿងញៀនមួយក្រុម ដែលអះអាងថាខ្លួនជាមន្ត្រីអាវុធហត្ថ រួមនិងបក្ខពួកដែលជាសន្តិឯកជន ដែលប្រចាំការនៅបរិវេនបន្ទប់ផ្ទះឡត៍បានធាក់ទ្វារបន្ទប់ជួល របស់កម្មករពីរនាក់ប្តីប្រពន្ធ ទាំងកណ្តាលយប់ ដោយចោទថាជាអ្នកលក់គ្រឿងញៀន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលផ្ទះឡត៍ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ទី១ ឈ្មោះ ដេត កុសល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅចំណុចកើតហេតុខាងលើ ចំណែកប្រពន្ធឈ្មោះ ចក់ ណែត ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ជាមួយគ្នា។

តាមការរៀបរាប់ពីជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១២យប់រំលងអធ្រាត្រ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ យប់មិញនេះ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ កំពុងតែដេកលង់លក់ស្រួលផងនោះ ស្រាប់តែមានសំឡេងគោះទ្វារ ដោយមានមនុស្សប្រុសចំនួន៥នាក់ រួមនិងក្មេងប្រុសម្នាក់ បានស្រែកប្រាប់ថា បើកទ្វារសុំផ្ញើក្មេងម្នាក់ឲ្យដេកនៅបន្ទប់នេះផង ពេលនោះពួកគាត់ក៏បានបើកទ្វារបន្ទប់ ហើយបុរសទាំង៥នាក់ ដែលក្នុងនោះគឺម្នាក់ដែលអួតខ្លួនថាជា PM ចំណែក៤នាក់ទៀត ដែលជាសន្តិសុខយាមនៅគោលដៅនោះតែម្តង បានសម្រុកចូលទៅក្នុងបន្ទប់ពួកគាត់ ហើយក៏បានយកគ្រឿងញៀន១កញ្ចប់ ចេញពីហោប៉ាវខោ រួចចាប់បុរសជាប្តីវាយខ្នោះមកខាងក្រោយ ហើយយកគ្រឿងញៀនដាក់ពីមុខជនរងគ្រោះ ដោយចោទថា ពួកប្តីប្រពន្ធឯងទាំង២នាក់ ជាអ្នកលក់គ្រឿងញៀន អញនិងចាប់វាយខ្នោះ បញ្ជូនប្តីរបស់ឯងដាក់គុកព្រៃស ទាំងយប់ បើគ្មានលុយឲ្យពួកអញ ពេលនោះស្ត្រីជាប្រពន្ធបានសំពះសុំក្តីអង្វ ហើយប្រាប់ថាពួកខ្ញុំមិនមែនជាអ្នករកស៊ីលក់គ្រឿងញៀនអីនោះទេ ពួកខ្ញុំធ្វើការជាកម្មកររោងចក្រទាំង២នាក់ប្តីប្រពន្ធ មានលុយពីណាឲ្យពួកបងៗនោះ មានតែម៉ូតូ១គ្រឿង បង់រំលោះមិនទាន់សងគេដាច់ផង ខណ:នោះខាងលោកPM បានប្រាប់ថា បើអត់លុយឲ្យអញ អីចឹង យកម៉ូតូប្តីរបស់ឯង ទៅបញ្ចាំយកលុយឲ្យអញ ទើបអញដោះលែងវាវិញ ពេលនោះពួកគាត់ទាំង២នាក់ ប្តីប្រពន្ធសម្រេចចិត្តឲ្យពួកគេ យកម៉ូតូរបស់ខ្លួន ទៅបញ្ចាំនៅឃ្លាំងរំសែវ ចំនួន៥០០ដុល្លារ ហើយយកក្រដាសបញ្ចាំ យកមកឲ្យជនរងគ្រោះវិញ ទើបដោះខ្នោះប្តីចេញ លុះព្រឹកឡើង មានសន្តិសុខម្នាក់ ក្នុងចំណោមបក្ខពួកទាំង៥នាក់នោះ បានមកយកក្រដាសបញ្ចាំ ពីជនរងគ្រោះទៅបញ្ចាំបន្ថែម១០០ដុល្លារទៀត ទើបជនរងគ្រោះទ្រាំនិងទង្វើក្រុមពួកកៀបស៊ីនេះ លែងបានហៅអ្នកកាសែតទៅឡាយផ្អើល ដល់សមត្ថកិច្ចខណ្ឌមានជ័យ ។

បន្ទាប់ពីបែកធ្លាយរឿងរ៉ាវខាងលើនេះមក កម្លាំងសមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី៣ បានចុះទៅដល់កន្លែងកើតហេតុ រួចសម្លុតជនរងគ្រោះថា បើឯងមិនខុសអី គេមិនចាប់ឯងទេ មកពីឯងធ្វើអ្វីខុសទេដឹង ពេលនោះជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានរ៉ាយរ៉ាប់ប្រាប់សមត្ថកិច្ច ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ម្នាក់ ដើរចូលទៅក្នុងបន្ទប់លោក PM មួយសន្ទុះក្រោយមក ក៏បានដើរចេញមកវិញ ហើយមកជួយសម្របសម្រួលជាមួយជនរងគ្រោះ និងបានសន្យាថា នឹងយកលុយឲ្យជនរងគ្រោះទៅលោះម៉ូតូរបស់គាត់មកវិញ ដើម្បីបញ្ចប់រឿង មិនបាច់ប្តឹងផ្តល់វែងឆ្ងាយនោះ ហើយជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ក៏យល់ព្រមតាមសមត្ថកិច្ចផងដែរ។
បើតាមការបង្ហើបពីប្រជាពលរដ្ឋនៅទីនោះ បានលួចខ្សឹបប្រាប់ថា ក្រុមនេះ តែងតែដើរអុកឡុកចាប់គេវាយខ្នោះ កៀបស៊ីគេជាញឹកញាប់ ទើបតែម្តងនេះ បែកធ្លាយដល់អ្នកសារព័ត៌មាន ចុះទៅឡាយព្រោងព្រាតបែបនេះ មហាជនរងចាំមើលថា ពួកក្រុមនេះនៅមានឱកាសបន្តធ្វើស៊ីគេយកលុយទៀត បានដែរឬអត់?៕ រក្សាសិទ្ធិដោយ៖សួង សាម




