Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញជំនុំជម្រះ អតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ៧នាក់ ពាក់ព័ន្ធការញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ ប្រឆាំងរាជរដ្ឋាភិបាល!!!

ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ បានបើកសវនាការជំនុំជម្រះ បុរសជាប់ចោទចំនួន៧នាក់ ដែលជាអតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងករណី សរសេរសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និង Live ផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ អុជអាល ទាក់ទងនឹងបញ្ហាជម្ងឺកូវីដ១៩ នៅកម្ពុជា និងបង្កឱ្យមានការភាន់ច្រឡំ អំពីសំណាក់មហាជន ចំពោះវិធានការទប់ស្កាត់ និងការពារ ការរាតត្បាត នៃជម្ងឺកូវីដ១៩ របស់ថ្នាក់ដឹកនាំប្រទេសជាតិ។

សវនាការនេះ ដឹកនាំដោយលោកស្រីអ៊ុក រ៉េតគន្ធា ជាចៅក្រមជំនុំជម្រះ និងមានលោកទី មុនិន្ទ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកស្រីចៅក្រមរ៉េតគន្ធា បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទទាំង៧នាក់ខាងលើនេះ មានឈ្មោះ ទី ១ ឈ្មោះ នូ សុធា ភេទ ប្រុស អាយុ ៥៤ ឆ្នាំ, ទី២ ឈ្មោះ រិន រដ្ឋ ភេទប្រុស អាយុ ៣៣ ឆ្នាំ, ទី៣ ឈ្មោះ រុន ចន្ធី ភេទប្រុស អាយុ ៣៦ ឆ្នាំ, ទី៤ ឈ្មោះ ម៉ៅ វីបុល ភេទប្រុស អាយុ ៣៨ ឆ្នាំ, ទី៥ ឈ្មោះ ស៊ឹម សុភា ភេទប្រុស អាយុ ៣៤ ឆ្នាំ, ទី៦ ឈ្មោះ ពេជ្រ សំបូរ ហៅ ពេជ្រ សម្បូរណ៍ ភេទប្រុស អាយុ ៥៥ ឆ្នាំ និងទី៧ ឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ៣៣ ឆ្នាំ។

លោកស្រីចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ, ពួកគេត្រូវបានជាប់ចោទពីបទ “ការញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម” តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ពួកគេត្រូវបានឃាត់ខ្លួន នៅទីតាំងផេ្សងៗ ក្នុងឆ្នាំ ២០២០។

នាពេលសវនាការ, ជនជាប់ចោទ ដែលមានវត្តមាននៅក្នុងបន្ទប់ជំនុំជម្រះ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ពួកគេពួកគេខាងលើ។

ពួកគេបានសំណូមពរ ឲ្យលោកស្រីចៅក្រមជំនុំជម្រះ និងតុលាការរាជធានីភ្នំពេញ មេត្តាទម្លាក់បទចោទប្រកាន់ និង សម្រេចដោះលែងពួកគេ ឲ្យមានសេរីភាពឡើង ដើម្បីបានវិលត្រឡប់ ជួបជុំគ្រួសារពួកគេវិញ។

សំណុំរឿងក្តីនេះ, តុលាការរាជធានីភ្នំពេញនឹងប្រកាសសាលក្រមនៅ ថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×