Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ បដិសេធ​ការផ្សាយមិនពិត​របស់​ RFA ដែលផ្សាយថា ពលករកំពុងធ្វេី​ចត្តាឡីស័ក​នៅព្រំដែនក្អួតចង្អោ​ក្រោយបរិភោគតាង៉ែន​

បន្ទាយមានជ័យ​ ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បដិសេធ​ការផ្សាយមិនពិត​របស់​ វិទ្យុ​ RFA ដែលផ្សាយថាពលករកំពុងធ្វេី​ចត្តាឡីស័ក​នៅព្រំដែនក្អួតចង្អោ​ក្រោយបរិភោគតាង៉ែន​។ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​លេីកឡេីងថា​ ពុំមានពលករណាម្នាក់​ពុល​ក្អួត​ចង្អោរ​នៅមណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​ ទឹក​ជោនោះទេ​។

រដ្ឋបាល​ខេត្ត​បញ្ជាក់ថា​មណ្ឌល​ចត្តាឡីស័ក​ ផ្សេង​ទៀត​ក៏ពុំមានករណីពុល​ដូចការផ្សាយនោះដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីផ្សាយព័ត៌មានរបស់បណ្តាញព័ត៌មានសង្គមឈ្មោះ RFA khmer ដែលបានចុះផ្សាយថា “ពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅព្រំដែនក្នុងខេត្តបន្ទាយមានជ័យ រាប់សិបនាក់ បានធ្លាក់ខ្លួនឈឺ និងក្អួតចង្អោរ ដោយអ្នកខ្លះត្រូវសង្គ្រោះបន្ទាន់ ក្រោយហូបតាង៉ែន ដែលជា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា” ។

បន្ទាប់ពីបានទទួលព័ត៌មានការចុះផ្សាយ របស់បណ្តាញព័ត៌មានខាងលើ រដ្ឋបាលខេត្តបានធ្វើការ ស្រាវជ្រាវទទួលបានលទ្ធផល ដូចខាងក្រោម៖ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានទទួលផ្លែមៀន និងផ្លែតាង៉ែន ចំនួន ៤.០០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានបែងចែកផ្លែមៀន និងតាង៉ែន ជូនបងប្អូនពលករដែលកំពុង សម្រាកព្យាបាលកូវីដ-១៩ចំនួន ១៣មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន ២២មណ្ឌល បានបរិភោគ ដោយក្តីរីករាយ។ តាមការបំភ្លឺរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជាក់ថា ពុំមានករណីពុល ក្អួតចង្អោរបន្ទាប់ពីបរិភោគផ្លែមៀន និងផ្លែតាង៉ែន នៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យទឹកជោរនោះទេ។ ទន្ទឹមនឹងនេះមណ្ឌលព្យាបាលចំនួន ១៣មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន ២១មណ្ឌលផ្សេងទៀត ក៏ពុំមានករណីពុល និងក្អួតចង្អោរផងដែរ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបដិសេធទាំងស្រុងរាល់ខ្លឹមសារ របស់បណ្តាញព័ត៌មាន សង្គមឈ្មោះ RFA Khmer ដែលបានចុះផ្សាយផ្ទុយពីការពិត បំផ្លែ កុហក ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំ ប្រឹងប្រែងក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×