ភ្នំពេញ ÷ រថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង បើកល្បឿនពេកបួងចង្កូតបទមិនផុត ជ្រុលទៅបុករះផ្ទះពលរដ្ឋទាំងកណ្តាលយប់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាកចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង កែងនឹងផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញរថយន្តឡង់គ្រីស័រស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BE-5567 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូតជ្រុលទៅបុករះផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាតអស់មួយចំនួន ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បន្ទាប់មកបានពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុភ្លាម។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចឱ្យភាគីម្ចាស់ផ្ទះ និងខាងរថយន្តបង្កធ្វើការចរចាគ្នា ចុងក្រោយខាងភាគីរថយន្តបង្កព្រមសង ជាសំណងថ្លៃជួសជុល២៧៥០$ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖សា មេត






