ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត ford raptor មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុកពីក្រោយ រថយន្ដកូរ៉េដែលចតក្បែរចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តគៀបជាប់ពីក្រោយ ខ្ទេចមួយកំណាត់មុខទាំងស្រុង ចំណែកឯតៃកុងរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ត្រូវថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខផ្ទះអ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្ដស៊េរីទំនើបម៉ាកford raptor ពណ៌ខ្មៅពាក់ផ្លាកលេខកម្ពុជា S.B.9899 ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកពីក្រោយរថយន្ដកូរ៉េមួយគ្រឿង ដែលបានចតចោលក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត មួយកំណាត់មុខស្ទើរទាំងស្រុង បន្ទាប់មកបានពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានពិនិត្យ និងធ្វើការវាស់វែង យករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត


