ភ្នំពេញ ÷ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ត្រូវបានជនដៃដល់វាយចំភ្នែក រួចយកកាំបិតចាក់ ទៅលើដងខ្លួនជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ រួចយកការ៉ុងច្រកយកទៅដាក់គៀនបន្ទប់ទឹក។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៦ និង២០ នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលំមួយខ្សែ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពក្មេង មានឈ្មោះគឿន ដារ៉ា អាយុ១២ ឆ្នាំ បច្ចុប្បន្នរស់នៅបន្ទប់ជួលជាមួយម្តាយ មានស្រុកកំណើតនៅខេត្តបាត់ដំបង។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋរស់នៅជាប់បន្ទប់ជួល កន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញក្មេងប្រុសរងគ្រោះខាងលើ ដើរលេងនៅមុខផ្ទះ និងនៅក្នុងបន្ទប់ដូចសព្វមួយដង ដោយឡែកម្តាយនិងបងស្រី បានចេញពីបន្ទប់ទៅធ្វើការបាត់អស់ លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ ជាម្ចាស់បន្ទប់ជួលនៅជាន់ទី២ រត់ចុះមកក្រោមស្រែកឆោឡោថា មានក្មេងស្លាប់ នៅក្នុងបន្ទប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង ចុះមកភ្លាមៗរួចឃាត់ខ្លួនបុរសជាម្ចាស់បន្ទប់ជួលជាន់ទី២ ដែលក្មេងរងគ្រោះស្លាប់ នៅក្នុងនោះយកទៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្ត។
សូមបញ្ជាក់ថា ជនដៃដល់នៅមិនទាន់ឃាត់ខ្លួនបាននៅឡើយនោះទេ រីឯបុរសដែលឃាត់យកទៅធ្វើការសួរនាំ សង្ស័យថាជាបក្ខពួករួមគំនិតនឹងគ្នា៕ រក្សាសិទ្ធិដោយ៖ សា មេត











