ភ្នំពេញ ៖ បន្ទាប់ពីតេស្តរហ័សរបស់ក្រុមគ្រូពេទ្យ ទៅលើអាជីវករផ្សារធំថ្មី នៅរាជធានីភ្នំពេញត្រូវ បានរកឃើញអ្នកឆ្លងជំងឺបំប្លែងថ្មីកូវីដ១៩ Delta ចំនួន០៣នាក់ ក្នុងក្រុមអាជីវករសរុបចំនួន៣៩៣នាក់។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី២៦ ខែសីហាឆ្នាំ ២០២១ នេះ ក្រុមគ្រូពេទ្យបានចុះសហការជាមួយអាជ្ញាធរខណ្ឌដូនពេញ ដែលដឹកនាំដោយលោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយគណៈកម្មការផ្សារ ដែលដឹកនាំដោយលោកស្រីប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី ចុះយកសំណាកលើអាជីវករផ្នែកលក់ម្ហូបអាហារ ហូបចុកប៉ែកខាងលិច បន្ទាប់ពីមានអ្នកជំងឺ បំប្លែងថ្មីDelta ចំនួន៥ នាក់ធ្លាប់បានចេញចូលផ្សារនៅបរិវេណ លក់បន្លែត្រីសាច់គ្រឿងសមុទ្រ (គ្រឿងហូបចុក)នោះ។
លុះដល់ល្ងាចថ្ងៃនេះដែរ អាជ្ញាធររួមជាមួយគណៈកម្មការផ្សារ ក៏បានសម្រេចបិទនៅផ្លូវលេខ ៦៧ ជាប់ខាងលិចនៃផ្សារធំថ្មី ដើម្បីងាយស្រួល ដល់ក្រុមគ្រូពេទ្យដែល បានចុះយកសំណាកលើអាជីវករចំនួន ៣៩៣ នាក់ដោយពិនិត្យឃើញជាក់ស្ដែងភ្លាមៗ (តេស្តរហ័ស) គឺមានអ្នកឆ្លងចំនួន ៣ នាក់វិជ្ជមានជំងឺបំប្លែងថ្មីDelta ហើយត្រូវបានបញ្ជូនទៅព្យាបាលផងដែរ។

មួយគ្នានោះដែរអាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ថា ពុំមានការបិទផ្សារទាំងមូលនោះទេ ដោយគ្រាន់តែបិទនៅតូបអ្នកដែលឆ្លងតែប៉ុណ្ណោះ ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងនោះ ដើម្បីឱ្យបងប្អូនអាជីវករដែលមានតូបផ្សេងៗ លក់ដូរជាធម្មតាវិញ។

ពាក់ព័ន្ធនឹងករណីឆ្លងរាលដាលដល់អាជីវករផ្សារធំថ្មីនោះដែរ ក៏ត្រូវបានខាងគណៈកម្មការស្រាវជ្រាវកូវីដ១៩ កាលពីរាត្រីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ នេះក៏បានប្រកាសថា ករណីករណី កូវីដ១៩ បំប្លែងថ្មី Delta នៅផ្សារធំថ្មី ដែលមានទីតាំងស្ថិតក្នុង ខណ្ឌដូនពេញ ព្រោះកាលពីថ្ងៃ១៥ សីហា ឆ្នាំ២០២១ អ្នកជំងឺ បានទៅទីតាំងខាងលើប៉ះពាល់ផ្នែកខាងលិចផ្សារ លទ្ធផលតេស្តរហ័សលើកទី១ សម្រាប់ថ្ងៃទី២៦ សីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមាន ៣នាក់ ក្នុងចំណោមអ្នកយកសំណាក ៣៩៣នាក់ នឹងនៅបន្តរងចាំ លទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Deltaដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


