ភ្នំពេញ ៖ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ ០៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ។
លោកជំទាវ គឹម ដានី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថែ្លងដឹងថា នៅក្នុងសវនាការថា ជនជាប់ចោទរូបនេះ ឈ្មោះ សុខ ហេង ភេទប្រុស ។ ជនជាប់ចោទ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៨ ឆ្នាំ ពីបទ« ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញតិ្ត មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែជនជាប់ចោទ បានប្តឹងខ្ទាស់ មកសាលាឧទ្ធរណ៍ដើម្បីសុំបន្ធួរបន្ថយទោស។

ជនជាប់ចោទឈ្មោះ សុខ ហេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុច គល់ស្ពានពេទ្យលោកសង្ឃ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោគ រាជធានីភ្នំពេញ និងរឹបអូសបាន គ្រឿងញៀនចំនួន ១ កព្ចាប់ធំ មានទម្ងន់ ១០០, ៤១ ក្រាម។
នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ សុខ ហេង បានឆ្លើយសារភាព និងទទួលស្គាល់កំហុសថា ខ្លួន ពិតជាបានប្រព្រឹត្តអំពើដូចការចោទប្រកាន់ខាងលើនោះមែន។
ឈ្មោះ សុខ ហេងបានសំណូមពរសុំឲ្យតុលាការឧទ្ធរណ៍ មេត្តាអាណិត ប្រោះប្រណី និងបន្ថយទោសគាត់ ដើម្បីបានឆាប់វិលត្រឡប់ទៅជួយជុំគ្រួសាររបស់គាត់វិញ។
សំណុំរឿងនេះ សាលាឧទ្ធរណ៍ ភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង០០ ព្រឹក៕ រក្សាសិទ្ធិដោយ៖CEN
