Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី សហការគ្នារៀបចំព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ចុងឆ្នាំនេះ

spot_img

CAMSOC-ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ដល់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក្នុងការរៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ (2021 Southeast Asian Sailing Championships) នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ។

ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើឡើងក្រោយមានការស្នើសុំពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បន្ទាប់ពីអង្គសន្និបាតគណៈកម្មាធិការជាតិ CAMSOC បានគាំទ្រពេញទំហឹង ចំពោះគម្រោងសហការរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ រវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសង្ហបុរី កាលពីថ្មីៗ ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា នៅរសៀលថ្ងៃសុក្រនេះ បានបញ្ជាក់ថា «សហព័ន្ធកីឡាទូកក្តោងកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគ្រាំទ្រ និងអនុញ្ញាត ដល់សហព័ន្ធកីឡាទូកក្តោងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកក្តោងសិង្ហបុរី ក្នុងរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារសំខាន់ និងជាប្រវត្តិសាស្រ្តថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងអន្តរជាតិជាលើកដំបូងរបស់ខ្លួន» ។

ទន្ទឹមជាមួយគ្នា ឯកឧត្តម ថាង ហ្កោដុន ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏បានសម្ដែងការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលសម្តេចបានអនុញ្ញាតដល់ក្រុមមន្រ្តីមន្ដ្រី គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិសេសដូសទី៣ ឬដូសជំរុញ ដែលជាយុទ្ធនាការដ៏មានសារៈសំខាន់ ក្នុងការចាប់ផ្តើមដំណើរការហ្វឹកហាត់ឡើងវិញ ក៏ដូចជាការត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ Southeast Asian Sailing Championships 2021 ដើម្បីបង្ហាញអំពីកិត្យានុភាពជាតិ លើវិស័យកីឡាទូកក្តោក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបង្ហាញឲ្យពិភពលោក បានឃើញអំពីការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។

គួរបញ្ជាក់ថា ការស្នើសុំរៀបចំព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិ នៅខេត្តព្រះសីហនុ ដោយសារប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ហើយកំពុងពន្យារពេល ទៅរៀបចំនាដើមឆ្នាំ២០២២ មិនបានបញ្ចូលប្រភេទកីឡាទូកក្ដោង ដែលជាប្រភេទកីឡាអូឡាំពិកទៅក្នុងកម្មវិធីប្រកួត ។ ដូច្នេះដើម្បីលើកទឹកចិត្តដល់កីឡាករទូកក្ដោង នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានខិតខំហ្វឹកហាត់ត្រៀមការប្រកួតស៊ីហ្គេមមិនបាន ទើបសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី ដោយទទួលបានការឯកភាព និងគាំទ្រពីបណ្ដាប្រទេសអាស៊ានផ្សេងៗ សហការគ្នារៀបចំការប្រកួត កីឡាទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍នេះវិញ ។

ចំពោះសហការរៀបចំព្រឹត្តិការណ៍ 2021 Southeast Asian Sailing Championships ជាមួយសិង្ហបុរីនេះដែរ កម្ពុជារំពឹងនឹងទទួល បានអត្ថប្រយោជន៍ជាច្រើន ដល់គុណផល និងបច្ចេកទេសកីឡា ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង និងអត្ថប្រយោជន៍ជាកិត្តិយស កិត្យានុភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះផង ។ ពិសេសក៏បង្ហាញពីការចាប់ផ្ដើម ស្ដារសេដ្ឋកិច្ចសង្គម និងទេសចរណ៍ក្នុង និងក្រោយស្ថានភាពវិបត្តិកូវីដ-១៩ ផងដែរ ។

តាមការគ្រោងទុកការប្រកួតនឹងបែងចែកជា ១២វិញ្ញាសា ហើយកម្ពុជា និងសិង្ហបុរី នឹងចែកគ្នារៀបចំ ៥០% ម្នាក់ ខណៈគ្រោងមានអត្តពលិក ១៥០នាក់ មកពី ៦ប្រទេសចូលរួម ។ អ្វីដែលសំខាន់ ការរៀបចំនេះ នឹងត្រូវគោរពតាមវិធានទប់ស្កាត់កូវីដ-១៩ យ៉ាងម៉ឹងម៉ាត់ តាមស្ដង់ដារប្រតិបត្តិ “SOP” របស់ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ដែលទទួលបានជោគជ័យ រួមនឹង “SOP” ទប់ស្កាត់កូវីដ-១៩ របស់ក្រសួងទេសចរណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×