ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់កម្ពុជាបាន ឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានយល់ព្រមទទួលសំណើ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរស្នើសុំបញ្ជូនកប៉ាល់លួចដឹកប្រេងឆៅ ដែលបូមពីអណ្តូងរបស់កម្ពុជាប្រមាណ ៣០ម៉ឺនបារ៉ែល និងក្រុមជនល្មើសទាំង១៩នាក់ ប្រគល់មកឲ្យកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ កម្ពុជាបានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅរដ្ឋាភិបាលឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

កងទ័ពជើងទឹកឥណ្ឌូនេស៊ី បានចាប់កប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos ដែលដោតទង់ជាតិបាហាម៉ា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្បែរកោះស៊ូម៉ាត្រា លួចយកប្រេងឆៅសរុបជិត៣០ម៉ឺនបារ៉ែល ដែលបូមពីអណ្តូងប្រេងរបស់កម្ពុជា។ ខាងកងទ័ពជើងទឹកឥណ្ឌូណេស៊ី បានបន្ថែមថា ខ្លួនកំពុងសួរចម្លើយក្រុមនាវិករបស់កប៉ាល់នោះ ដែលមានជនជាតិឥណ្ឌា១៣នាក់, ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានមានប្រសាសន៍ថា ចំពោះករណីនេះ ក្រសួងយុត្តិធម៌រួមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានចាប់កប៉ាល់ដឹកប្រេងពីកម្ពុជា។ តាមរយៈក្រសួងការបរទេស គឺក្រសួងយុត្តតិធម៌ បានប្រើប្រាស់កិច្ចព្រមព្រៀង ជួយគ្នាទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌរបស់អាស៊ាន (MLA) ដើម្បីធ្វើការជាមួយខាងឥណ្ឌូនេស៊ី។ ដោយក្នុងនោះកម្ពុជាបានស្នើសុំកិច្ចសហប្រតិបត្តិការ តាមផ្លូវច្បាប់ ព្រមទាំងការធ្វើបត្យាប័ន នឹងសុំបញ្ជូនមនុស្ស ដែលចាប់បាននៅលើកប៉ាល់ ចំនួន១៩នាក់ រួមទាំង វត្ថុតាងទាំងអស់ និងកប៉ាល់ប្រគល់មកលកម្ពុជា ដើម្បីអនុវត្តតាមច្បាប់ និងកាត់ទោស ដោយតុលាការក្រោមច្បាប់កម្ពុជា។ សម្រាប់កម្ពុជា និងឥណ្ឌូនេស៊ី អត់មានកិច្ចព្រមព្រៀងបត្យាប័នជាមួយគ្នានៅឡើយទេ ហេតុនេះបានជាប្រើប្រាស់ តាមរយៈក្រសួងការបរទេស ដើម្បីទំនាក់ទំនងជាមួយខាងឥណ្ឌូនេស៊ី។

លោកគឹម សន្តិភាព បានបញ្ជាក់ថា “យើងបានធ្វើសំណើទៅហើយ ហើយខាងឥណ្ឌូនេស៊ី ក៏បានទទួលសំណើយើងដែរ មកដល់ម៉ោងនេះ ក្រុមការងារបច្ចេកទេស រវាងប្រទេសទាំងពីរ តាមរយៈអាជ្ញាធរកណ្តាលរៀងខ្លួន គឺកំពុងធ្វើការទំនាក់ទំនងគ្នា លើការងារឯកសារ និងព័ត៌មានមួយចំនួនបន្ថែមទៀត ប៉ុន្តែលទ្ធផលយ៉ាងណា នៅមិនទាន់ដឹងនៅឡើយទេ”។

គួរបញ្ជាក់ថា កងទ័ពជើងទឹកឥណ្ឌូនេស៊ី បានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង និងក្រុមនាវិករបស់កប៉ាល់នោះ ដែលបានស្ថិតក្រោមការតាមចាប់ ពីបទលួចយកប្រេងឆៅ សរុបជិត៣០ម៉ឺនបារ៉ែល ដែលបូមពីអណ្តូងប្រេងរបស់កម្ពុជា។ កប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos ដែលដោតទង់ជាតិបាហាម៉ា ត្រូវឃាត់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្បែរកោះស៊ូម៉ាត្រា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជា បានស្នើឲ្យស្ថាប័នប៉ូលិសអន្តរជាតិ Interpol ចេញសេចក្តីប្រកាសពណ៌ក្រហម ដើម្បីឲ្យមានការជួយធ្វើអន្តរាគមន៍ ក្នុងការតាមចាប់កប៉ាល់មួយគ្រឿងនោះ ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅរបស់កម្ពុជា។

ខាងកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានបន្ថែមថា ខ្លួនកំពុងសួរចម្លើយក្រុមនាវិករបស់កប៉ាល់នោះ ដែលមានជនជាតិឥណ្ឌា១៣នាក់, ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់។ កប៉ាល់ដឹកប្រេងនោះ បានធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះ Batam និងបានបិទប្រព័ន្ធបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ហើយចតដោយខុសច្បាប់ នៅក្នុងដែនទឹករបស់ឥណ្ឌូណេស៊ី៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ