ភ្នំពេញ ÷ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសូគីមុិចមួយគ្រឿង បើកចូលគន្លងផ្លូវ ជ្រុលទៅកៀរថយន្តហាយឡែនឌ័រ បណ្តាលឲ្យដាច់កង់មុខខាងឆ្វេងមួយចំហៀង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង០០នាទីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ចំណុចមុខផ្សារអង់មេត្រី ស្ថិតនៅតាមបណ្តោយផ្លូវបេតុងលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋលក់ដូរ ជាប់នឹងកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តហាយឡែនឌ័រ ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1AM-6608 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងលូ៥ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខនិងផ្សារអង់មេត្រី ស្រាប់តែគេឃើញមានរថយន្តដឹកប្រេង របស់ក្រុមហ៊ុនសូគីមុិចមួយគ្រឿងទៀត ម៉ាកFUSO ក្បាលពណ៌ក្រហមពាក់ផ្លាកលេខ តាកែវ3A-2785 បើកបរបញ្ច្រាសគ្នា ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមធ្យមបានរេចង្កូតឆ្លងគន្លងផ្លូវ ជ្រុលទៅកៀរថយន្តហាយឡែនឌ័រ ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តហាយឡែនឌ័រ ដាច់កង់មុខរងការខូចខាត ចំណែកឯរថយន្តបង្កនិងតៃកុង នៅកន្លែងកើតហេតុ រង់ចាំដោះស្រាយជាមួយភាគីខាងរងគ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងភ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់រួចឱ្យភាគីទាំងពីរ ចរចាគ្នាដោយឡែកភាគីខាងរថយន្តបង្ក មិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណង៣០០$ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេត





