Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទារិកាម្នាក់ កើតនៅលើយន្ដហោះយោធា C-17 របស់សហរដ្ឋអាមេរិក ពេលកំពុងហោះហើរ នៅលើអាកាស

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ យន្ដហោះដឹកជញ្ជូនយោធាសហរដ្ឋអាមេរិក C-17 មួយគ្រឿង កំពុងតែហោះហើរ ជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន ស្រាប់តែមានស្រ្ដីពោះធំម្នាក់ បានឈឺពោះសម្រាលកូន នៅលើអាកាស ហើយមេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិក និយាយបែបកំប្លែងថា លោករំពឹងថា ក្មេងស្រីនេះនឹងក្លាយជាអ្នកបើកបរយន្ដហោះចម្បាំង នៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ខណៈពេលនាងធំដឹងក្ដីឡើង។

បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃទី២៦ ខែសីហា ថា យន្ដហោះដឹកជញ្ជូនយោធាសហរដ្ឋអាមេរិកមួយគ្រឿង ប្រភេទ C-17 កាលពីប៉ុន្មានថ្ងៃមុននេះ បានជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន ចេញពីប្រទេសហែកហួរដោយសារសង្គ្រាម ហើយទៅចុះសំចត នៅក្នុងប្រទេសកាតារ។ លុះមកថ្ងៃសៅរ៍ (ទី២១ ខែសីហា ឆ្នាំ២០២១) យន្ដហោះនោះបានហោះចាកចេញពីប្រទេសនេះ ស្រាប់តែមានស្រ្ដីអាហ្វហ្គានីស្ថានម្នាក់ បានសម្រាលកូន នៅលើអាកាស ក្នុងផ្លូវឆ្ពោះទៅកាន់មូលដ្ឋានកងទ័ពអាកាស នៅ Ramstein ប្រទេសអាល្លឺម៉ង់។ ទារិកានោះ ត្រូវបានលោកមេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិក ដាក់ឈ្មោះ «Reach» ។ ទោះជាយ៉ាងណា អត្ដសញ្ញាណរបស់ម្ដាយ និងឪពុករបស់ទារិកានោះ មិនត្រូវបានគេបង្ហាញឲ្យដឹងឡើយ។

លោកឧត្ដមសេនីយ៍ Tod Wolters មេបញ្ជាការ នៃបញ្ជាការដ្ឋាកងទ័ពសហរដ្ឋអាមេរិកប្រចាំអឺរ៉ុប និង ជាមេបញ្ជាការកំពូល នៃកងទ័ពសម្ព័ន្ធមិត្តណាតូ ប្រចាំនៅអឺរ៉ុប បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក ថា «យើងបាននិយាយគ្នាពីនេះពីនោះជាមួយនឹងឪពុកម្ដាយរបស់ទារិកា « Reach»។ ចំណែកការដាក់ឈ្មោះទារិកា « Reach» បានកើតឡើង ស្របពេលកងទ័ពហៅសញ្ញារបស់យន្ដហោះដឹកជញ្ជូនយោធា C-17 កំពុងហោះហើរចេញពីប្រទេសកាតារ តម្រង់ទិសដៅឆ្ពោះទៅកាន់មូលដ្ឋានកងទ័ពអាកាស Ramstein នៅអាល្លឺម៉ង គឺហៅ «Reach» ។

លោកឧត្ដមសេនីយ៍ Tod Wolters បានបញ្ជាក់ថា នៅពេលទារិកា «Reach» កើត គឺឪពុកម្ដាយរបស់នាងកំពុង តែនៅលើយន្ដហោះយោធាសហរដ្ឋអាមេរិក ខណៈហោះហើរចាកចេញពីមូលដ្ឋានកងទ័ព នៅក្នុងប្រទេសកាតារ ក្រោយជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកតាលីបង់ដណ្ដើមកាន់កាប់ទីក្រុងកាប៊ូល។ ចំណែកបុគ្គលិកពេទ្យ បានជួយដល់ស្រ្ដីអាហ្វហ្គានីស្ថានម្នាក់ រួមជាមួយគ្រួសាររបស់នាង ដែលបានចាកចេញពីអាហ្វហ្គានីស្ថាន តាមយន្តហោះដឹកជញ្ជូនយន្តហោះ C-17 របស់កងទ័ពសហរដ្ឋអាមេរិក។

លោកឧត្ដមសេនីយ៍ Tod Wolters បាននិយាយកំប្លែងលេងសើចថា «ដូចអ្វីដែលអ្នកអាចស្រមៃ ការធ្វើជាអ្នកបើកយន្តហោះចម្បាំង របស់កងទ័ពអាកាសសហរដ្ឋអាមេរិក។ ចំណែកក្តីស្រមៃរបស់ខ្ញុំវិញ ខ្ញុំគិតថា ក្មេងស្រីម្នាក់ ឈ្មោះ « Reach» នេះ នៅពេលនាងធំដឹងក្ដីឡើង នាងនឹងក្លាយជាពលរដ្ឋអាមេរិក ហើយបើកយន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិក នៅក្នុងជួរកងទ័ពអាកាសរបស់យើង»។

លោកស្រី Erin Brymer អនុសេនីយ៍ឯកកងទ័ព និងជាគិលានុបដ្ឋាយិកា ដែលបានជួយប្រសូតទារិកា « Reach» បានថ្លែងទៅកាន់ទូរទស្សន៍ CNN ថា «មុនដំបូង ខ្ញុំគិតថា វាអាចនឹងមានហេតុការណ៍ដ៏អាក្រក់កើតឡើង តែអ្វីបែរជាប្រសើរឡើងវិញ។ រហូតមកដល់ពេលនេះ ពួកគេទាំង២នាក់ម្ដាយ និងទារិកា មានសុខភាពល្អជាធម្មតាទេ»៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×