Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ៉ុស្ស៊ី ត្រៀមខ្លួនសហការជាមួយបណ្តាប្រទេសទាំងអស់ ដើម្បីដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងថា ប្រទេសរុស្ស៊ីនឹងប្តេជ្ញាសហការជាមួយប្រជាជាតិទាំងអស់នៅលើពិភពលោក ដើម្បីដោះស្រាយវិបត្តិកាន់តែធ្ងន់ធ្ងរក្នុងប្រទេសអាហ្វហ្គានីស្ថាន។
បើតាមលោក Lavrov រុស្ស៊ីនឹងចាប់ផ្តើមធ្វើកិច្ចការសម្របសម្រួលនូវសកម្មភាពជាមួយសម្ព័ន្ធមិត្តនានានិងដៃគូយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) និងអង្គការសហប្រតិបត្តិការសៀងហៃ។ តាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Sputnik រដ្ឋមន្ត្រីរុស្ស៊ីលោក Lavrov បានអះអាងក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយសមភាគីអ៊ីតាលីលោក Luigi Di Maio និងក្រោយមកបានពិភាក្សាជាមួយ លោកនាយករដ្ឋមន្រ្តី Mario Draghi ថាកិច្ចការទាំងនេះជាទិសដៅអទិភាពរបស់រុស្ស៊ី ។

ក្នុងនោះ លោករដ្ឋមន្ត្រី Lavrov ថ្លែងថា៖« យើងនឹងត្រៀមខ្លួនសហការជាមួយបណ្តាប្រទេសដទៃទៀតដែលមានភាពស្មោះត្រង់ និងអាចរួមចំណែកខ្ពស់ដើម្បីធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមានភាពប្រក្រតីឡើងវិញ ដោយផ្តោតជាពិសេសទៅលើការធានានូវផ្នែកសន្តិសុខ»។

លោករដ្ឋមន្ត្រីបន្ថែមថា៖ «អ្វីៗផ្សេងទៀតនឹងក្លាយជារឿងបន្ទាប់បន្សំរបស់យើង។»

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានចង្អុលបង្ហាញផងដែរថា ទីក្រុងមូស្គូនឹងប្តេជ្ញាចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ G20 ស្តីពីវិបត្តិក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលគ្រោងនឹងរៀបចំឡើងដោយប្រធានាធិបតីអ៊ីតាលីក្នុងខែបន្ទាប់ផងដែរ ប្រសិនបើស្ថានភាពទាំងស្រុងត្រូវបានពង្រីកដល់ប្រទេសជិតខាងនៃអាហ្វហ្គានីស្ថាន។

រដ្ឋមន្ត្រីរុស្ស៊ីរូបនេះដដែលក៏បានបញ្ជាក់ថែមទៀតដែរថា ប្រទេសរុស្ស៊ីចង់ស្វែងយល់ឲ្យកាន់ឱ្យតែច្បាស់អំពីតួនាទីអ្វីដែលពួកគេផ្តល់ឱ្យនៅក្នុងកិច្ចប្រជុំនោះហើយលោក Lavrov បានឱ្យដឹងថា ដូចតាមការសន្យា អាទិភាពរបស់រុស្ស៊ីនឹងមាននៅក្នុងគោលការណ៍ ៥ យ៉ាងនៃកម្មវិធីនេះ។

លោករដ្ឋមន្ត្រីLavrov ដែលកំពុងទាក់ទាញការយកចិត្តទុកដាក់ អំពីការគំរាមកំហែង ដោយវិបត្តិអាហ្វហ្គានីស្ថានក្នុងតំបន់បាននិយាយថា៖« ប៉ុន្តែការប្រយុទ្ធប្រឆាំងនូវភេរវកម្ម គឺស្ថិតក្នុងចំណុចទី ៥ ហើយអាទិភាពរបស់យើង គឺសន្តិសុខរបស់រដ្ឋនៅភាគខាងត្បូងប្រទេសរុស្ស៊ីនិងរដ្ឋជិតខាង» ។

ក្នុងនោះ រដ្ឋមន្ត្រីការបរទេសរូបនេះ បានចាត់ទុកថា ប៉ាគីស្ថាន អ៊ីរ៉ង់និងប្រទេសដទៃទៀតដែលមិនមែនជាសមាជិកនៃក្រុមប្រទេស G20 ក៏គួរតែត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះផងដែរ ហើយលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ីតាលីបានប្តេជ្ញាលើរឿងនេះហើយ៕ ប្រភព៖ Prensa Latina

spot_img
×