Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតកម្ពុជានៅអាមេរិកកំពុងស្វែងរកជួប ម្ចាស់ផលិតទំនិញ ដែលប្រើរូបអង្គរវត្ត នៅលើ កញ្ចប់មី Nam Vang Noodle

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័តមានថាមានផលិតផល ឈ្មោះ Nam Vang Noodle ដែលប្រើរូបប្រាសាទអង្គវត្ត និងឈ្មោះរាជធានីភ្នំពេញនៅលើទំនិញ កំពុងចរាចរលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្រុមការងារស្ថានទូតកម្ពុជានៅសហរដ្ឋអាមេរិក បានចុះត្រួតពិនិត្យភ្លាមៗ និងរាយការណ៍ថា បានរកឃើញក្រុមហ៊ុនចំនួន២ នាំចូល និងចែកចាយលក់ផលិតផលទាំងនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា មកទល់ពេលនេះ ទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានរាជទូតកម្ពុជានៅសហរដ្ឋអាមេរិក កំពុងស្វែងរកជួបម្ចាស់ផលិតទំនិញដែលប្រើប្រាស់រូបអង្គរវត្ត ដោយបំពាន និងគ្មានការអនុញ្ញាតត្រឹមត្រូវ ខណៈដែលអ្នកនាំចូលចែកចាយសន្យាថា នឹងបញ្ឈប់ការលក់ទំនិញទាំងនោះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្មនឹងបន្តសហការជាមួយស្ថានរាជទូតកម្ពុជានៅបរទេស ដើម្បីពិនិត្យតាមដានបន្តទៀត កុំឲ្យមានករណីបំពានរបៀបនេះកើតឡើងជាថ្មី។ ទន្ទឹមនេះ ក្រសួងស្នើសុំកិច្ចសហការផងដែរ ពីវិស័យឯកជន និងអ្នកប្រើប្រាស់ អោយជួយពិនិត្យតាមដាន និងផ្តល់ពត៌មានទាន់ពេលវេលាអំពីករណីរំលោភបំពានរបៀបនេះ ដើម្បីចូលរួមការពាររូបសញ្ញា ដែលជានិមិត្តរូបរបស់ជាតិ និងការរំលោភបំពានផ្សេងទៀត ទៅលើអត្តសញ្ញាណជាតិ និងកម្មសិទ្ធបញ្ញារបស់កម្ពុជាលើផលិតផល មី Nam Vang Noodleនេះ ។

គួររំលឹកថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌា ក៏បានចាត់វិធានការទៅលើក្រុមហ៊ុនអង្កររបស់ឥណ្ឌាមួយផងដែរ ដែលមានឈ្មោះថា Voyage India ឱ្យបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្ត នៅលើសម្បកវេចខ្ចប់ អង្កររបស់ខ្លួន ដែលបានប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmin Rice ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរកម្ពុជា ដែលទង្វើនេះ កម្ពុជា ចាត់ទុកថា បានប្រើ​ប្រាស់ប្រាសចាកនឹងច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្មផងដែរ៕

×