Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីចោទប្រកាន់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ឃុបឃិតជាមួយ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ប្រព្រឹត្តអំពើពុករលួយ

ភ្នំពេញ ៖ លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ បានរងការចោទប្រកាន់ពីក្រុមន្ត្រីមួយចំនួនថា ឃុបឃិតជាមួយប្រធានស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធការថ្លឹងរថយន្ត មានភាពមិនប្រក្រតី យកលលុយចែកគ្នា ដាក់ក្នុងហោប៉ៅ។ ហើយបើគ្មានការឲ្យភ្លើងខៀវពីលោក កាង ប៉េងហាក់ ទេនោះ គឺប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង មិនហ៊ានធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួននោះទេ។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដោយសារមានមន្ត្រីធំ ធ្វើជាខ្នងបង្អែក នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ទើបលោក កាង ប៉េងហាក់ រក្សាតំណែងជាប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ បានយូរ។

សេចក្តីរាយការណ៍ ពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ បានបង្ហើបថា ទោះបីពួកគេ ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយ តាមការកំណត់ របស់មន្រ្តីប្រចាំស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿងដែរ។

ផ្ទុយទៅវិញ ម្ចាស់រថយន្តធំៗ ផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ មុខស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តឃ្លាំងមឿង ដោយមិនបាច់ចូលថ្លឹងឡើយ ឲ្យតែម្ចាស់រថយន្តទាំងនោះ បង់លុយតាមការកំណត់។

ជាងនេះទៅទៀត ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ តែងតែប្រើឈ្មោះ លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ដើម្បីការពារទង្វើ មិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួន យ៉ាងត្រជាក់ចិត្ត។

ទាក់ទងការចោទប្រកាន់នេះ លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ​​ ៖ ចេស្តារ

×