Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីទេសចរណ៍ ដឹកនាំកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ ដែលគ្រោងធ្វើនៅក្រុងព្រះសីហនុ

spot_img

ភ្នំពេញ ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ដើម្បីត្រៀមរៀបចំកិច្ចការបន្តបន្ទាប់ជាច្រើនទៀត។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ដើម្បីឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះ ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។

ឯកឧត្ដមបានបន្តទៀតថា វេទិកាទេសចរណ៍អាស៊ាននេះនឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័ន ទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងសិក្ខាសាលានានាជាច្រើន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX»។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ ( Buyers)។

បើតាមប្រសាសន៍ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន លើកនេះមិនអាចធ្វើធំដូចមុនៗបានទេ ដោយសារបញ្ហា
កូវីដនៅមាននៅឡើយ ដែលចាំបាច់ត្រូវជំរុញការអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាលឱ្យបានហ្មត់ចត់ ស្របតាមគន្លងប្រក្រតីភាពថ្មី។ ឯកឧត្ដមមានប្រសាសន៍ថា «យើងនឹងកាត់បន្ថយទំហំទាំងការប្រជុំនានា ពិព័រណ៍ អ្នកសារព័ត៌មានផងដែរ»។

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ទាំងអ្នកចូលរួម ទាំងម្ចាស់ផ្ទះត្រូវតែធានាឲ្យបាននូវការអនុវត្តន៍ តាមគន្លងថ្មី ក្នុងការស្នាក់នៅ ហូបចុក និងគ្រប់សកម្មភាពនៃព្រិត្តិការណ៍ ត្រូវរៀបចំយ៉ាងសាមញ្ញ ក្រៅអគារ (Out doors) ក្នុងបរិវេណតែមួយ ដែលមានពហុសេវាគ្រប់គ្រាន់ ងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យវិធានសុខាភិបាលដោយហ្មត់ចត់។ កម្មវិធីប្រជុំខ្លះអាចធ្វើតាមរបៀបកូនកាត់ (Hybrid)។ កម្មវិធីទស្សនកិច្ចទីក្រុង ឬគោលដៅផ្សេងត្រូវតែមានការរៀបចំគ្រប់គ្រងដោយគណៈកម្មការ។ និយាយរួម កន្លែងប្រារព្ធពិធីត្រូវតែជាគោលដៅសុវត្ថិភាពដែលរៀបចំឡើង និងប្រត្តិបត្តិតាម SOP ដែលកំនត់ដោយរាជរដ្ឋាភិបាល។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា ការជ្រើសរើសក្រុងព្រះសីហនុជាទីតាំងរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ គឺពិតជាស័ក្តិសមខ្លាំងណាស់ ដោយសារខេត្តជាប់ឆ្នេរសមុទ្រមួយនេះ បានកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ បានរួចហើយទាំងក្នុងទីក្រុង និវនៅតាមមាត់ឆ្នេរសមុទ្រ ខណៈរដ្ឋបាលខេត្តព្រះសីហនុ ក៏បានរៀបចំកែលម្អសោភ័ណភាពឆ្នេរសមុទ្រទាំងឡាយ នៅក្នុងខេត្តខ្លួនបានយ៉ាងស្អាតគួរជាទីទាក់ទាញផងដែរ។ ខេត្តព្រះសីហនុក៏សម្បូរទៅដោយកោះតូចធំជាច្រើន ដែលអាចឱ្យភ្ញៀវទេសចរចូលទស្សនាកម្សាន្ត បានប្រកបដោយសុវត្ថិភាព ដាច់ឆ្ងាយពីការជួបជុំមនុស្សគ្នាច្រើន។

ម្យ៉ាងវិញទៀត ក្រុងព្រះសីហនុ អាចនឹងក្លាយទៅជាគោលដៅសុវត្ថិភាពមួយ ទាំងផ្នែកសុខាភិបាលសាធារណ: ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ខេត្តនេះក៏នឹងបញ្ចប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ (រួមទាំងអ្នកផ្តល់សេវាទេសចរណ៍) មានផលិតផល ឆ្នេរកម្សាន្តច្រើន កោះ និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព និងផ្ដល់នូវសុវត្ថិភាព ផាសុកភាពល្អដល់អ្នកចូលរួមបាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×