Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ដាក់ចេញយន្តការ ៤ ចំណុច ពន្លឿនការចាក់វ៉ាក់សាំង បើកដំណើរការប្រទេសឡើងវិញ

spot_img

ភ្នំពេញ ៖ ពិតមែនវឌ្ឍនភាពនៃដំណើរការចាក់វ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងកូវីដ-១៩ មានភាពល្អប្រសើរ រហូតអន្តរជាតិទទួលស្គាល់យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែព្យាយាមបង្កើនល្បឿន នៃការចាក់សាំងឲ្យបានឆាប់រហ័ស ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣) ដើម្បីឲ្យមានភាពស៊ាំគ្រប់ជ្រុងជ្រោយ នៅក្នុងសហគមន៍ និងបើកដំណើរការប្រទេសឡើងវិញ ស្ដារ និងអភិវឌ្ឍលើគ្រប់វិស័យ ដោយដាក់ចេញយន្តការ ៤ ចំណុច បន្ថែមទៀត។

យោងលើសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ លេខ ០៦ សណន ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានដាក់ចេញយន្តការ ៤ ចំណុច ដើម្បីពង្រឹងការអនុវត្តដូចតទៅ ÷

១- គណៈអភិបាល រាជធានី-ខេត្ត ត្រូវចាត់ទុកការងារស្នូលអាទិភាពខ្ពស់បំផុតរបស់ខ្លួន គឺការចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងមូលដ្ឋានក្រោមសមត្ថកិច្ចរបស់ខ្លួន ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធ ប្រឆាំងនឹងកូវី-១៩។

២- គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាពនៃការអនុវត្តការងារចាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ក្របខ័ណ្ឌរាជធានី-ខេត្ត នីមួយៗដាច់ដោយឡែកពីគ្នា, ទាំងសម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឲ្យបានទាន់ពេលវេលា។ ជាពិសេស សម្របសម្រួលក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងឲ្យត្រូវទៅនឹងស្ថានភាពជាក់ស្ដែង នៅក្នុងមូលដ្ឋាននីមួយៗ និងធានាការផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលាមិនឲ្យខ្វះវ៉ាក់សាំង នៅតាមបណ្ដា រាជធានី-ខេត្ត។

៣- គណៈអភិបាល រាជធានី-ខេត្ត ត្រូវរៀបចំធ្វើបច្ចុប្បន្នកម្មឡើងវិញ ឲ្យបានច្បាស់លាស់ និងឆាប់រហ័ស អំពីចំនួនប្រជាជនជាក់ស្ដែងនៅមូលដ្ឋាន ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសនៅកម្រិតថ្នាក់ ឃុំ-សង្កាត់ និងញែកចេញចំនួនប្រជាជនចំណាកស្រុក ដែលអាចទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកន្លែងផ្សេង ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការកែសម្រួលផែនការចាក់វ៉ាក់សាំង ដោយផ្អែកតាមចំនួន ប្រជាជនជាក់ស្ដែងនៅក្នុងមូលដ្ឋាន។ គណៈកម្មការចំពោះកិច្ច ចាក់សាំងទូទាំងប្រទេស និងគណៈអភិបាល រាជធានី-ខេត្ត ត្រូវសហការគ្នាកំណត់អំពីទីតាំង សម្រាប់ការផ្ដល់សេវាចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែក ក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌលសុខភាព ផ្អែកតាមស្ថានភាពនៃភូមិសាស្ត្រជាក់ស្តែងនីមួយៗ និងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។

៤- គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវធ្វើការបូកសរុប និងវាយតម្លៃ ដើម្បីស្នើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល ក្នុងការបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ តាម រាជធានី-ខេត្ត នីមួយៗ ជាបន្តបន្ទាប់ រហូតដល់ការបិទបញ្ចប់យុទ្ធនាការនេះក្នុងក្របខណ្ឌទូទាំងប្រទេស។ គណៈកម្មការចាក់វ៉ាក់សាំង និងអាជ្ញាធររាជធានី-ខេត្ត ត្រូវបន្តរៀបចំទីតាំង ជូនដំណឹងជាសាធារណៈ ដើម្បីអនុញ្ញាតឲ្យប្រជាជន ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងដោយមូលហេតុផ្សេងៗ ឱ្យអាចទៅចាក់វ៉ាក់សាំងបាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋCEN

spot_img
×