Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រឡុកសុីម៉ងត៍ បើកត្រឡប់ក្រោយទៅកៀម៉ូតូ ខ្ទាតទៅចូលក្នុងប្រឡាយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តក្រឡុកសុីម៉ងត៍បើកបត់ត្រឡប់ក្រោយ ទៅកៀបណ្តាលឲ្យម៉ូតូជនរងគ្រោះ ខ្ទាតចូលក្នុងប្រឡាយក្បែរណ្តៅដីតាកៅ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីថ្ងៃត្រង់ ទី២៩ ខែសីហា ឆ្នាំ២០២១ ចំណុចជាប់នឹងរណ្តៅដីតាកៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ គង់ គា ភេទប្រុស អាយុ៣៦ឆ្នាំ មានប្រពន្ធនិងកូន នៅខេត្តកំពង់ធំ ចំណែកសពមានស្រុកកំណើត នៅភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ចំណែកអ្នករងរបួសធ្ងន់វិញ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1IE-5161 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ជិតរណ្ដៅដីតាកៅ ស្រាប់តែមានរថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿង មិនចាំម៉ាកបើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន រួចបានបត់ត្រឡប់ក្រោយឆ្លងមកផ្លូវម្ខាងទៀត ក៏បានជ្រុលទៅកៀម៉ូតូធ្លាក់ចូលក្នុងប្រឡាយ ក្បែរផ្លូវបណ្តាលឲ្យជនរងគ្រោះ បោកក្បាលនិងថ្នល់ស្លាប់ និងម្នាក់ទៀតជិះពីក្រោយ រងរបួសធ្ងន់ ចំណែករថយន្តបង្កបើកទៅ មុខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏ពិនិត្យ និងធ្វើកាវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកដើម្បីឲ្យគ្រួសាររងគ្រោះ ទៅដាក់ពាក្យបណ្តឹង និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅខេត្តកំពង់ធំតាមប្រពៃណី៕រក្សាសិទ្ធិដោយ ៖ សា មេត

×