ភ្នំពេញ៖ តាមរយៈខំមិននៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ឆ្លើយតបនឹងសំណួរ ស្រ្តីម្នាក់ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ពលរដ្ឋគ្រប់គ្នា។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈខំមិននៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ឆ្លើយតបនឹងសំណួរ ស្រ្តីម្នាក់ដែលជាមន្រ្តីមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តពោធិ៍សាត់ ដែលបានចូលទៅខំមិនលើផេករបស់សម្តេច ដែលបង្ហោះសារអបអរសាទរដល់ លោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាន។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ថា ការចាក់ដូសទី៣ លើកនេះគឺ ចាក់សម្រាប់មន្ត្រី និងកម្លាំងជួរមុខដែលចំនួនមានកំណត់។ ដូចនេះចាក់ដូសទី១ និងដូសទី២ នៅកន្លែងណាត្រូវទៅចាក់ដូសទី៣នៅកន្លែងនោះ។ កន្លែងផ្សេងទៀតជារបស់អ្នកដែលបានចាក់នៅកន្លែងដែលគេធ្លាប់ចាក់។ តែទោះយ៉ាងនេះក្តីសុំកុំបារម្ភ ព្រោះយើងនឹងចាក់ដូសទី៣ ជូនគ្រប់ៗគ្នាដែលនឹងមានដល់ជិត១២លាននាក់។ វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ នឹងមកដល់ក្នុងខែកញ្ញា២០២១ ចំនួន៥លានដូស សម្រាប់ចាក់ជូនប្រជាជនដូចពេលមុន៕រក្សាសិទ្ធិដោយ៖បញ្ញស័ក្តិ