ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនម្នាក់ ដែលត្រូវបានតុលាការខេត្តតាកែវ កាត់ទោសដាក់ពន្ធនាគារកំណត់ ០៦ ឆ្នាំ ជាប់ពាក់ព័ន្ធករណីរក្សាទុកនិង ជួញដូរគ្រឿងញៀនជាង ៥០ ក្រាម ប្រព្រឹត្តនៅក្នុងខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២០ ។
លោកស្រី គឹម ដានី ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ វ៉ុន ដា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អ្នកនេសាទ។
ជនជាប់ចោទត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ០៦ ឆ្នាំ ពីបទ “រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញតិ្តមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តតាកែវ មកតុលាការឧទ្ធរណ៍ភ្នំពេញ ។
ជនជាប់ចោទ វ៉ុន ដា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅភូមិព្រៃត្រពាំងវែង ស្រុកសំរោង ខេត្តតាកែវ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ០៤ កញ្ចប់ មានទម្ងន់សរុប ៥១,២៨ក្រាម និង ទូរស័ព្ទដៃចំនួន២គ្រឿង។
នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ វ៉ុន ដា បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និងការកាត់ទោស គាត់ ដាក់គុក ០៦ ឆ្នាំ របស់តុលាការខេត្តតាកែវ។
វ៉ុន ថានិយាយថា នៅក្នុងសំណុំរឿងនេះ, គាត់គ្រាន់តែជាជនរងគ្រោះ ដោយសារការប្រើប្រាស់ថ្នាំញៀននោះទេ និង មិនមែនជាអ្នកជូញដូរគ្រឿងញៀននោះដែរ។
វ៉ុន ដា និយាយទៀតថា ចំណែកឯថ្នាំញៀន ដែលសមត្ថកិច្ចដកហូតបាននោះ គឺជារបស់ គឺឈ្មោះ ជួរ ឡាយ ដែលមិនត្រូវបានចាប់ខ្លួន និងរត់គេចខ្លួន។
វ៉ុន ដា បានសុំឲ្យតុលាការឧទ្ធរណ៍មេត្តាលើកការចោទប្រកាន់ និងច្រានចោល សាលក្រមរបស់តុលាការខេត្តតាកែវ និង សម្រេចដោះលែងខ្លួនឲ្យមានសេរីភាពវិញ។
សំណុំរឿងនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា