Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យបើកសាលារៀន នៅតាមជនបទ និងរៀនតាមស្ថានភាពជាក់ស្ដែង

spot_img

ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញថា កន្លងមក ជំងឺកូវីដ-១៩ បានរីករាលដាលភាគច្រើននៅតាមទីក្រុង និងទីប្រជុំជន រីឯតាមជនបទខេត្តខ្លះ ស្ទើរតែមិនមានករណីឆ្លងនោះទេ ប៉ុន្តែសាលារៀនទាំងនោះ ត្រូវបានបិទ ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស ដូច្នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ថា ការបើកសាលារៀនឡើងវិញនេះ មិនត្រូវធ្វើឡើងនៅទូទាំងស្រុកនោះទេ ត្រូវធ្វើនៅតាមឃុំ ដែលគ្មានជំងឺឆ្លង ដោយរក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឲ្យកុមាររបស់យើងបានចូលរៀន។ ប្រសិនបើយើងបន្តបិទ តទៅទៀត ដោយមិនបានពិនិត្យ មិនបានញែក រវាងកន្លែងដែលឆ្លង និងកន្លែងដែលមិនឆ្លង នឹងអាចនាំទៅដល់សិស្សខ្លាចសាលារៀន ឬសិស្សភ្លេចអក្សរ។ សម្រាប់ការរៀនតាមអនឡាញវិញ គឺសិស្សនៅតាមជនបទ មិនមានលទ្ធភាពរៀនតាមអនឡាញនោះទេ , ដូច្នេះការបើកសាលារៀននៅតាមជនបទដែលមិនមានឆ្លងរាតត្បាតកូវីដ-២៩ គឺចាំបាច់ត្រូវតែគិតគូរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ក្នុងសារសំឡេងពិសេសថា ខ្ញុំស្នើឱ្យ ឯកឧត្តម ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយអភិបាលខេត្ត-រាជធានី ដើម្បីបកំណត់បើកទីតាំងសាលារៀនមួយចំនួន ដែលមិនមានឆ្លងរាតត្បាតជំងឺកូវីដ-១៩កើតឡើង។ ពេលនេះប្រទេសកម្ពុជា បាននិងកំពុងចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលពេលនេះការចាក់ជូនកុមា និងយុវវ័យនេះ បានចំនួន ១.៥លាននាក់ រួចទៅហើយ ក្នុងចំណោម ២លាននាក់ដែលគ្រោងទុក។

សម្រាប់ទីកន្លែងប្រជុំជនដែលមានការឆ្លង ឬមានការឆ្លងតិច យើងអាចពិនិត្យអនុញ្ញាតឱ្យរៀនបន្តតាមអនឡាញ ឬរៀនទៅតាមស្ថានភាពជាក់ស្ដែង គួបផ្សំ រវាងការរៀនដោយផ្ទាល់ ដោយរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ។

ទាក់ទិនទៅនឹងការរៀនតាមប្រព័ន្ធអនឡាញវិញ សម្តេចតេជោ យល់ឃើញថា នៅតាមទីក្រុង និងទីប្រជុំជន សិស្សានុសិស្សមានលទ្ធភាពគ្រប់គ្រាន់រៀនតាមអនឡាញ ហើយនៅពេលដែលកុមារ និងយុវវ័យរបស់យើង បានចាក់វ៉ាក់សាំងរួចហើយនោះ យើងនឹងអាចបើកសាលារបស់យើងឡើងវិញ ដោយរក្សានូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល។ ដោយឡែកសម្រាប់កន្លែងដែលមានការឆ្លងច្រើន ក៏ត្រូវបន្តរៀនតាមអនឡាញ ឬរៀនពីចម្ងាយ។ ខ្ញុំសូមស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា អភិបាលរាជធានី-ខេត្ត រកគ្រប់វិធានការ ដើម្បីឱ្យសិស្សបានរៀន ដោយបើកសាលារៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះទៅទីជនបទ ដែលមិនមានជំងឺឆ្លង រាតត្បាត និងរៀនលក្ខណៈចម្រុះ នៅតំបន់ដែលមានការឆ្លងតិច ហើយបានចាក់វ៉ាក់សាំងរួចរាល់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×