ភ្នំពេញ ៖ មូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ របស់ប្រទេសអាល្លឺម៉ង់ ជាដៃគូរអភិវឌ្ឍន៍មួយរបស់រដ្ឋសភាកម្ពុជា ជាច្រើនឆ្នាំមកហើយ ដែលបានផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សដល់រដ្ឋសភាកម្ពុជា។ គម្រោងជំនួយចុងក្រោយនឹងបញ្ចប់នៅចុងឆ្នាំ២០១៨នេះ ប៉ុន្តែតំណាងស្ថាប័ននេះ បានអះអាងថា នឹងបន្តជួយគាំទ្រដល់រដ្ឋសភាកម្ពុជាទៀត នៅឆ្នាំខាងមុខ។
ការលើកឡើងពីការបន្តផ្តល់ជំនួយដល់រដ្ឋសភាកម្ពុជាទៀតនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោកស្រី Sussanne Kass ប្រធានមូលនិធិខុនរ៉ាដ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅវិមានរដ្ឋសភា នា ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។
លោក ឡេង ប៉េងឡុង បានលើកឡើងពីការជួយគាំទ្ររបស់មូលនិធិខុនរ៉ាដ នាពេលកន្លងមក មានច្រើន មានទាំងខាងសមាជិករដ្ឋសភា និងខាងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ខុនរ៉ាដបានជួយគាំទ្រដល់សកម្មភាពរបស់សមាជិករដ្ឋសភា ក្នុងការចូលរួមសិក្ខាលាលា ឬវេទិកាសន្ទនារវាងសមាជិកគណបក្សនយោបាយ។ ចំណែកខាងអគ្គលេខាធិការដ្ឋានរដ្ឋសភា មូលធិនិរបស់ប្រទេសអាល្លឺម៉ង់មួយនេះ បានជួយបណ្តុះបណ្តាលធនធានមនុស្ស មន្ត្រីនាយកដ្ឋានព័ត៌មាន ក្នុងការពង្រឹងសមត្ថភាពព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលជាផ្នែកសំខាន់មួយ នៃដំណើរលទ្ធិប្រជាធិបតេយ្យ។
លោកអគ្គលេខាធិការ បានលើកឡើងថា កន្លងមកខុនរ៉ាដក៏បានជួយតាក់តែង និងបោះពុម្ភផ្សាយកូនសៀវភៅស្តីពីសកម្មភាពរបស់រដ្ឋសភា ប៉ុន្តែសៀវភៅដែលមានសារៈសំខាន់នេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពទៀត ស្របតាមសកម្មភាពរបស់រដ្ឋសភា ដូច្នេះ លោកអគ្គលេខាធិការ ស្នើសុំមូលនិធិខុនរ៉ាដ ជួយគាំទ្រដល់សកម្មភាពនេះបន្តទៀត។
អ្វីដែលជាសំណើរបស់លោកអគ្គលេខាធិការ ដល់មូលនិធិខុនរ៉ាដ នៅមានច្រើនទៀត ហើយលោក បានស្នើសុំដល់អង្គការមួយនេះជួយដល់កិច្ចការស្រាវជ្រាវរបស់រដ្ឋសភា ដែលជាអង្គភាពមួយ ទើបបង្កើតថ្មី ដែលនៅខ្វះខាតទាំងធនធានមនុស្ស និងមធ្យោបាយមប្រើការងារ។
លោក អគ្គលេខាធិការ ក៏បានស្នើដល់ខុនរ៉ាដ ឲ្យជួយដល់កិច្ចការបណ្ណាល័យរបស់រដ្ឋសភា ដែលជាផ្នែកមួយ ក្នុងការជំរុញដល់ការអាន ការស្រាវជ្រាវ ទាំងមន្ត្រីនិងសមាជិករដ្ឋសភា ។ ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានស្នើសុំឲ្យមានការជួយគាំទ្រដល់សកម្មភាពទំនាក់ទំនងសាធារណៈរបស់រដ្ឋសភាបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យសាធារណជនទទួលបានព័ត៌មានពីរដ្ឋសភា កាន់ទូលំទូលាយ និងមានប្រសិទ្ធភាព និងរហ័ស។
លោកស្រី Susanne Kass បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងតំណាងមូលនិធិនខុនរ៉ាដ ប្រចាំនៅកម្ពុជា។ លោកស្រី បានស្នើឲ្យមានការជជែកគ្នាលម្អិត អំពីគម្រោងជំនួយបន្តនេះ រវាងមូលនិធិខុនរ៉ាដប្រចាំនៅកម្ពុជា និងមន្ត្រីជំនាញអគ្គលេខាធិការដ្ឋានរដ្ឋសភា៕ ដោយ៖ជាលី