Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​តួ​ក​គី សន្យា​ពង្រឹងពង្រីក​ទំនាក់ទំនង​ការទូត ពាណិជ្ជកម្ម ជាមួយ​កម្ពុជា​

ភ្នំពេញ ៖​ នៅពេល​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកស្រី អៃ​ដា អ៊ុន​លុ (H.E.Ms. Ayda Unlu) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​តួ​ក​គី ប្រចាំ​នៅ​កម្ពុជា បាន​សន្យាថា នៅក្នុង​បេសកកម្ម​ការទូត​របស់​លោកស្រី នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹងពង្រីក ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ជាមួយ​កម្ពុជា​។ ពិសេស​នឹង​ការជំរុញ​ឲ្យមាន​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​។​

​ក្នុង​ជំនួប​ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា លោកស្រី អៃ​ដា អ៊ុន​លុ បាន​លើកឡើង​ថា បើ​ពិនិត្យ​មើល​ទីតាំង ភូមិសាស្ត្រ​រវាង​ប្រទេស​កម្ពុជា និង​តួ​ក​គី​គឺ​ឃើញថា ប្រទេស​ទាំង​ពីរ​នៅ​ឆ្ងាយ​ពី​គ្នា ប៉ុន្តែ​ថ្នាក់ដឹកនាំ និង​ប្រជាជន​ទាំងពីរ​មាន​ភាពស្និទ្ធស្នាល​គ្នា ហើយ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​បាន​ពង្រឹង​ពង្រីក​ជា​លំដាប់​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត បាន​ស្នើសុំ​សម្តេច​ជួយ​គាំទ្រ និង​លើកកម្ពស់​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី​នៃ​ប្រទេស​ទាំង​ពីរ​។ ទំនាក់ទំនង​ពហុភាគី គឺ​អាច​ធ្វើបាន​តាម​រយៈ​វេទិកា​អន្តរជាតិ​នានា ដូចជា​អាស៊ាន​ឬ​អង្គការ​សហប្រជាជាតិ​ជាដើម​។​

​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​តួ​ក​គី បាន​មានប្រសាសន៍ថា នៅក្នុង​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​នេះ មាន​ឯកសារ​ចំនួន​៨ បាន​ត្រៀម​ចុះ អនុស្សរណៈ​ជាមួយគ្នា នៅពេល​មាន​ការផ្លាស់ប្តូរ​ទស្សន​កិច្ច​ផ្លូវការ​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា និង​តួ​ក​គី​នាពេលខាងមុខ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ និង​សូម​ស្វាគមន៍​ចំពោះ​លោកជំទាវ ដែល​ត្រូវ​បាន​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​តួ​ក​គី​ផ្តល់​សេចក្តីទុកចិត្ត តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​បាន​លើកឡើង​ថា កម្ពុជា​-​តួ​ក​គី បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​ជាង​២​ទសវត្សរ៍​មក​ហើយ ហើយ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល ប្រទេស​ទាំង​ពីរ ក៏​ត្រូវបាន​លើកកម្ពស់​កាន់តែ​ល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

“​វត្តមាន​នៃ​បេសកកម្ម​របស់​លោកស្រី​នៅ​កម្ពុជា ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់ ដែល​នឹង​រួមចំណែក​ដល់​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​“ នេះ​ជា​ប្រសាសន៍​របស់ សម្តេច​អគ្គ​មហា​ពញា ចក្រី ហេង សំរិន​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​បន្តថា “​ជាមួយគ្នានេះ ខ្ញុំ​ស្នើ លោកជំទាវ ជួយ​ជំរុញ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ជា​ពិសេស​ជួយ​ជម្រុញ​លើកទឹកចិត្ត​ប្រជាជន​តួ​ក​គី មក​ធ្វើ​វិនិយោគ និង​ធ្វើ​ទេសចរណ៍​កំសាន្ត​នៅ កម្ពុជា ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​“ ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×