មនុស្សភាគច្រើន តែងតែទិញរថយន្តដែលមានតម្លៃខ្ពស់ៗ តាមរយៈយកលុយទៅទិញ។ ប៉ុន្តែ ចម្លែកអី បុរសម្នាក់នៅប្រទេសចិន បែរជាប្រើកាក់ដើម្បីទិញរថយន្តទៅវិញ។ ជាក់ស្តែង បុរសរូបនេះ បានចំណាយប្រាក់ចំនួន ៥១,០០០ យ័ន ដើម្បីទិញរថយន្ត១គ្រឿងដែលជាហេតុនាំឱ្យភ្នាក់ងារលក់រថយន្ត បានប្រមូលផ្តុំបុគ្គលិកជាង ២០ នាក់ ដើម្បីរាប់កាក់ ដែលចំណាយរហូត៣ម៉ោង។
ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថា បុរសម្នាក់នៅទីក្រុង Zhoukou ខេត្ត Henan ប្រទេសចិន បានទិញរថយន្តមួយគ្រឿងដែលមានតម្លៃ ៥១.០០០ យ័ន (ជិត ៨ ពាន់ដុល្លារ) ដោយគ្រាន់តែជាលុយកាក់ប៉ុណ្ណោះ។
Chen ជាបុគ្គលិកស្រីម្នាក់នៅហាងលក់រថយន្ត បាននិយាយថា បុរសនោះជាអ្នកធ្វើជំនួញម្សៅ។ គាត់បាននាំយកកាក់ចំនួន ១០ កាបូបពេញៗ មកហាង ដើម្បីទិញឡានឱ្យកូនប្រុសរបស់គាត់។
Chen បានឲ្យដឹងទៀតថា បុគ្គលិកជាង ២០ នាក់ ត្រូវបានហៅប្រមូលមករាប់កាក់ម្តងមួយៗ ហើយការរាប់បានចំណាយពេលជាង ៣ ម៉ោង។ នាងបានបន្ថែមថា នេះជាលើកដំបូងហើយ ដែលរូបនាងបានជួបប្រទះរឿងដូចនេះ។
ដោយឡែក ងាមកមើលអ្នកលេងបណ្តាញសង្គមវិញ ក្រោយពីបានឃើញរឿងដ៏មិននឹកស្មានដល់នេះ ក៏បានបញ្ចេញមតិភ្ញាក់ផ្អើល ដោយក្នុងនោះ អ្នកលេងម្នាក់បានលាន់មាត់ថា ហាងនេះល្អពេកហើយ កោតពួកគេសុខចិត្តរាប់ បើខ្ញុំវិញមិនរាប់ទេ យល់ល្អ ហាងគួរប្រើម៉ាស៊ីនរាប់កាក់ទៅ។ រីឯអ្នកផ្សេងទៀត និយាយថា «ជឿជាក់ថា បន្ទាប់ពីរាប់លុយ ពួកគេនឹងទៅធនាគារដើម្បីដាក់ប្រាក់ ហេតុនេះ បុគ្គលិកធនាគារនឹងត្រូវរាប់ម្តងទៀត ប្រាកដជាវិលក្បុងហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




