នេះជារឿងមួយដ៏អស្ចារ្យ និងគួរឲ្យមោទនភាពខ្លាំងណាស់ ចំពោះបុរសម្នាក់វ័យ ៣០ ឆ្នាំ ឈ្មោះ ជឿន ចននី មកពីខេត្តកំពង់ចាម ដែលបានផលិតយន្តហោះខ្នាតតូច អាចហោះបាន ក្រោយពីលោកបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ អស់រយៈពេល ១៥ ឆ្នាំ។
លោក ជឿន ចននី ដែលជាក្មេងកំព្រាឪពុកម្តាយ តាំងពីកុមារភាពមក បានប្រាប់ឲ្យដឹងថា លោកគ្រោងចុះបញ្ជីរៀបចំឱ្យទៅជាសង្វាក់ផលិតកម្មឧស្សាហកម្ម ជាពិសេស នៅពេលនេះលោកក៏មានលក់ជាបណ្ដើរៗ ដោយក្នុងយន្តហោះបញ្ជា១គ្រឿងប្រភេទអាចបញ្ជាតេឡេបាន មានប្រវែង ៣,៣ ម៉ែត្រ គឺលក់ក្នុងតម្លៃ ១៨០ ដុល្លារ ដែលអាចបញ្ជាការហោះហើរបានក្នុងរយៈកម្ពស់ពី ៥០ ម៉ែត្រ ទៅ ៧០ ម៉ែត្រ និងចម្ងាយពី១គីឡូម៉ែត្រ ទៅ ២គីឡូម៉ែត្រ អាស្រ័យទៅតាមប្រភេទតេឡេបញ្ជាបានជិត ឬ ឆ្ងាយ។
អ្នកវិទ្យាសាស្រ្តផ្នែកបច្ចេកវិទ្យាវ័យក្មេងរូបនេះ ក៏បានឲ្យដឹងផងដែរថា ក្រោយបញ្ចប់គម្រោងផលិតយន្តបញ្ជាប្រវែងជិត ១០ ម៉ែត្រ រួច លោក និងក្រុមការងារ នឹងធ្វើយន្តហោះដែលមនុស្សអាចជិះបានពី ២ ទៅ ៣ នាក់ ប៉ុន្តែ វាអាស្រ័យលើថវិកា និងការគាំទ្រពីមជ្ឈដ្ឋានទូទៅ ជាពិសេសពីរដ្ឋាភិបាលផងដែរ។
ជាមួយគ្នានេះផងដែរ លោកក៏សូមឲ្យប្រជាជនខ្មែរទាំងអស់គ្នា មកស្គាល់ពីគុណតម្លៃ នៃបច្ចេកវិទ្យាក្នុងវិស័យមួយនេះ និងក៏ដូចជាការជួយគាំទ្របង្ហាញស្នាដៃមួយនេះ ទៅកាន់បរទេសថា ខ្មែរក៏អាចធ្វើបានដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









