Ndayisaba គឺជាអ្នកចិញ្ចឹមឃ្មុំម្នាក់ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល នៃប្រទេសរវ៉ាន់ដា បានមើលថែឃ្មុំតាំងពីគាត់នៅក្មេងមកម្លេះ។ Ndayisaba បាននិយាយថា ក្នុងរយៈពេល ៣០ ឆ្នាំ ដែលគាត់រក្សាឃ្មុំ គឺទុកតែងឱ្យឃ្មុំនៅជាប់នឹងខ្លួនគាត់ ហើយមិនដែលឃ្មុំខាំឡើយ។
បុរសដែលហៅខ្លួនឯងថាជា“ ស្តេចឃ្មុំ” រូបនេះបានមានភាពល្បីល្បាញនៅលើបណ្តាញសង្គម តាមរយៈរូបថតឃ្មុំរាប់ពាន់ក្បាលទុំនៅលើខ្លួនរបស់គាត់។ Ndayisaba បានពន្យល់ថា៖ “ដើម្បីកំចាត់ហ្វូងសត្វ ដំបូងខ្ញុំត្រូវរកសេ្តចមេឃ្មុំ។ បន្ទាប់មកខ្ញុំដាក់វានៅលើខ្លួនខ្ញុំ ដើម្បីទាក់ទាញឃ្មុំផ្សេងទៀត”។
អ្នកឃ្មុំដែលមានបទពិសោធន៍រូបនេះ បាននិយាយថា គាត់ទុកឱ្យស្តេចមេឃ្មុំ ដេកនៅលើខ្លួនរបស់គាត់ ដោយចងវាជាមួយខ្សែមួយ នៅជុំវិញចង្កេះរបស់គាត់។ ហើយបន្ទាប់មក ឃ្មុំផ្សេងទៀត នឹងដើរតាមធម្មជាតិរបស់ពួកវា មកការពារស្តេចរបស់ពួកវាយ៉ាងស្វិតស្វាញតែម្តង។ ហ្វូងឃ្មុំបានហើរហោះឆ្ពោះទៅរក Ndayisaba ហើយបង្កើតខែលព័ទ្ធជុំវិញស្តេចមេឃ្មុំ ដើម្បីរក្សាមេរបស់ពួកវាឱ្យមានសុវត្ថិភាព។
Ndayisaba បានល្បីល្បាញនៅប្រទេសរវ៉ាន់ដា ដោយសារការចិញ្ចឹមឃ្មុំ ហើយចំណូលរបស់គាត់ភាគច្រើន បានមកពីការលក់ទឹកឃ្មុំ។ Ndayisaba បាននិយាយថា គាត់មានជីវិតល្អប្រសើរដោយសារឃ្មុំ ហើយបើគ្មានពួកវាទេ ជីវិតរបស់គាត់នឹងមិនពេញលេញដូចសព្វថ្ងៃនេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង