Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីពិនិត្យសុខភាព និងវះកាត់ដោយជោគជ័យនៅបារាំង

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បន្ទាប់ពីសម្តេចបានអញ្ជើញទៅ ពិនិត្យសុខភាព និងវះកាត់នៅប្រទេសបារាំងអស់រយៈពេល ២សប្តាហ៍។ បន្ទាប់ពីមកដល់កម្ពុជាសម្តេចក្រឡាហោម ស ខេង កំពុងធ្វើចត្តាឡីស័ក។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ CEN នៅព្រឹកថ្ងៃទី៦ ខែកញ្ញា នេះថា “សម្តេចក្រឡាហោម ស ខេង បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃទី៦ ខែកញ្ញា នេះ ។ សម្តេចអញ្ជើញទៅបារាំងពិនិត្យព្យាបាលសុខភាពរបស់គាត់”។

យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា បានឲ្យដឹងថា បន្ទាប់ពីបានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង អស់រយៈពេល ០២សប្ដាហ៍ ក្នុងធុរៈផ្ទាល់ខ្លួនដើម្បីពិនិត្យសុខភាព និងក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ។
ខុទ្ទកាល័យបានបញ្ជាក់ថា បច្ចុប្បន្នសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងធ្វើចត្តាឡីស័ក ស្របតាមគោលការណ៍សុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមជម្រាបថា នៅក្នុងអំឡុងពេលដែលសម្តេចក្រឡាហោម ស ខេង កំពុងពិនិត្យសុខភាពនៅប្រទេសបារាំង គឺមានក្រុមមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ រួមទាំងមេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កុហក់បោកប្រាស់ បំភ្លៃបំប៉ោងការពិតថា សម្តេចក្រឡាហោម ស ខេង បានជួបមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ នៅបារាំង។

យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានធុរៈផ្ទាល់ខ្លួន និងបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី ២២ ខែ សីហា រហូតដល់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×