Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីស្នើកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការ ពិសេសលើការធ្វើសមយុទ្ធ រវាងកងទ័ពប្រទេសទាំងពីរ

ភ្នំពេញ ៖ អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីលោកវរនាវីឯក Ivan STADCHENKO បានស្នើដល់អគ្គមេបញ្ជាការ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យ កាន់តែជិតស្និទ្ធថែមទៀត ពិសេសលើការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ។ ការស្នើនេះ ក្នុងជំនួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

លោកវីរនាវីឯក Ivan STADCHENKO បានគួសបញ្ជាក់អំពីរយៈពេលបួនឆ្នាំនៃការបំពេញបេសកកម្មកាទូតនៅកម្ពុជា ដោយលោកមានការចាប់អារម្មណ៍ និងស្រឡាញ់ចំពោះវប្បធម៌ដ៏ល្អរបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រ ។

លើកិច្ចសហប្រតិបត្តិការវិស័យយោធា លោកវរនាវីឯក Ivan STADCHENKO បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧មក រុស្ស៊ីបានទទួលសិក្ខាកាមយោធាកម្ពុជា ទៅធ្វើការសិក្សានៅប្រទេសរុស្ស៊ីបន្តបន្ទាប់ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំមកនេះ ត្រូវអាក់ខានដោយសារបញ្ហាប្រឈមជំងឺកូវីដ-១៩។

លោកវរនាវីឯក Ivan STADCHENKO ក៏បានស្នើដល់ឯកឧត្តមអគ្គមេបញ្ជាការ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសលើការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ កម្ពុជា និង រុស្ស៊ី មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៦៥ឆ្នាំមកហើយ ហើយក្នុងរយៈពេល៦៥ឆ្នាំនេះ រុស្ស៊ីបានបានជួយឧបត្ថម្ភដល់កម្ពុជាច្រើនទាំងគ្រឿងបំពាក់ សម្ភារៈបច្ចេកទេស ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស ។

បើតាមអគ្គមេបញ្ជាការ ជំនួយរបស់រុស្ស៊ីមកកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលធនធានមនុស្សល្អៗ ហើយកំពុងបម្រើការងារនៅក្នុងជួររាជរាដ្ឋាភិបាលកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងនូវការជឿជាក់ថា ជាមួយប្រពៃណីទំនាក់ទំនងដ៏ល្អទាំងនេះ ប្រទេសទាំងពីរនឹងធានា បាននូវការអភិវឌ្ឍទ្វេភាគីបន្ថែមទៀត ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនរុស្ស៊ី និងកម្ពុជា និងរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពចំពោះអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ក្នុងការស្នើសុំឲ្យមានសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និង រុស្ស៊ី ដោយចាត់ទុកថានេះជាកិច្ចការដ៏សំខាន់មួយដល់ការបង្កើននូវទំនាក់ទំនងល្អ ក៏ដូចជាការបង្ហាញនូវបទពិសោធន៍ និងបង្កើនសមត្ថភាពរវាងកងទ័ពប្រទេសទាំងពីរផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×