កាលពីពេលកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញសង្គមវៀតណាមបានបង្ហាញក្តី្តត្រេកអរជាខ្លាំង ក្រោយបានឃើញទង្វើដ៏ល្អរបស់បុរសម្នាក់ឈ្មោះ Nguyen Xuan Truong ដែលបានជួយកូនក្មេងម្នាក់ កំពុងតែលតោលនៅលើដងផ្លូវតែម្នាក់ឯង ទាំងកណ្តាលយប់អាធ្រាត្រស្ងាត់ឈឹង បន្ទាប់ពីក្មេងអាយុខ្ទង់២ឆ្នាំរូបនោះ បានវង្វេងពីឪពុកម្តាយដែលកំពុងដេកលង់លក់។
បុរសអាយុ ២៩ ឆ្នាំ រូបនេះ បានប្រាប់រឿងរ៉ាវនេះទៅកាន់អ្នកសារព័ត៌មានថា «នៅពេលនោះ វេលាប្រហែលម៉ោង១រំលងអាធ្រាត្រ ខ្ញុំបានកំពុងបើកឡានទៅផ្ទះ នៅឯភូមិ ចាញធៀន ឃុំ កាតថាញ់ ស្រុកភូកាត។ ប៉ុន្តែ ពេលមកដល់ចំណុចភូមិមួយ ខ្ញុំក៏បានប្រទះឃើញកូនក្មេងតូចម្នាក់ កំពុងដើរនៅលើដងផ្លូវតែម្នាក់ឯង ឃើញបែបនេះ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ហើយក៏បានបើករថយន្តអែបខាង ដើម្បីពិនិត្យមើលស្ថានភាពដ៏រន្ធត់ចិត្តនេះ។
លោកបន្តថា «នៅពេលនោះ ផ្ទះរបស់អ្នករាល់គ្នាត្រូវបានបិទទ្វារដេកលក់អស់ហើយ ខណៈផ្លូវវិញគឺស្ងាត់ឈឹងតែម្តង។ តែទោះយ៉ាងណា ភ្លាមៗនោះ ខ្ញុំបានចុះកាន់ក្មេងនោះ ហើយបន្ទាប់មក បានទៅសួរអ្នកនៅជុំវិញ ដើម្បីសុំជំនួយ។ ខ្ញុំមកពីឆ្ងាយ ដូច្នេះមានតែអ្នកស្រុកទេដែលដឹងថា ក្មេងនោះជាកូនអ្នកណា។ ប្រហែល ១៥-២០ នាទី បន្ទាប់ពីដើរគោះទ្វារក៏មានអ្នកជិតខាងម្នាក់ចេញមកជួយស្វែងរកសាច់ញាតិរបស់កូនក្មេងនោះ ហើយនៅទីបំផុត ក៏បានរកឃើញឪពុកម្តាយបានទទួលយកក្មេងនោះ ហើយខ្ញុំក៏បានត្រលប់ទៅផ្ទះវិញដោយសេចក្តីសុខ»។
បន្ទាប់ពីឃ្លីបនេះត្រូវបានចែករំលែកនៅលើបណ្តាញសង្គម មនុស្សជាច្រើនបានសម្តែងការដឹងគុណ ចំពោះទង្វើដ៏ល្អរបស់ ទ្រឿង។ ទោះយ៉ាងណាក៏ដោយ ក៏មានមនុស្សដែលខ្លាចបានសម្តែងព្រួយបារម្ភជំនួសថា ប្រសិនបើនេះជាឈុតឆាក ដើម្បីប្លន់អ្នកបើកបរ នោះលោក ទ្រឿង អាចនឹងជួបគ្រោះថ្នាក់។
ទាក់ទងការលើកឡើងបែបនេះផងដែរ លោក ទ្រឿង បានចែករំលែកឲ្យដឹងថា «ខ្ញុំមិនខ្លាចអំពើប្លន់ទេ ប៉ុន្តែខ្ញុំខ្លាចមនុស្សមានយល់ច្រឡំ។ ដោយសារតែនៅក្នុងស្ថានភាពនោះ មានតែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយផ្លូវក៏ស្ងាត់ជ្រងំ នោះគ្រប់គ្នានឹងមើលឃើញពីស្ថានភាពពេញលេញ។ ម្យ៉ាងវិញទៀត ប្រសិនបើនៅពេលនោះ ខ្ញុំប្រញាប់ទៅឱបក្មេង នោះមនុស្សនឹងគិតថាខ្ញុំចាប់ជំរិតក្មេងនោះហើយៗ នៅពេលអ្នកណាម្នាក់ស្រែក នោះខ្ញុំនឹងមិនអាចនិយាយអ្វីបានទេ តែសំណាង ដែលអ្វីៗល្អប្រសើរ»។
ទោះយ៉ាងណា លោក ទ្រឿង មិនសប្បាយចិត្តសោះ ចំពោះអាខោន Tiktok ដែលបានយកឃ្លីបរបស់គាត់ទៅបង្ហោះ ដែលធ្វើឲ្យមនុស្សមួយចំនួនគិតឃើញផ្លូវអាក្រក់ថា គាត់ធ្វើរឿងនេះគ្រាន់តែជាការសម្តែងដើម្បីចង់ល្បី និងចង់បាន View ប៉ុណ្ណោះ។
តែធាតុពិតជាក់ស្តែង ក្រោយសកម្មភាពបង្ហាញពីទង្វើដ៏ល្អរបស់គាត់ ធ្វើឲ្យគ្រប់គ្នាកោតសរសើរជាខ្លាំងនោះ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញអុិនធើរណេត រហូតចុងក្រោយ លោក ទ្រឿង ក៏ទទួលបានបណ្ណសរសើរពីអាជ្ញាធរមូលដ្ឋានផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









