ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាតឱ្យលោកវរនាវីឯក Ivan STADCHENKO អនុព័ន្ធយោធារុស្សីចាស់ចប់អាណត្តិ និងអនុព័ន្ធយោធារុស្សីថ្មី ប្រចាំកម្ពុជា លោកវរនាវីឯក Vitaly LUCHSHEV ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងឱកាសនោះ ភាគីទាំងពីរកបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងរុស្ស៊ី ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតលើការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា នៅក្នុងជំនួបនេះ ក៏បានពិភាក្សាអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ ពីព្រោះទំនាក់ទំនងលើវិស័យយោធារវាងកម្ពុជា និងរុស្ស៊ី មានជាយូរមកហើយ។ ដោយរុស្ស៊ីជួយបណ្តុះបណ្តាលសិក្ខាកាម ការជួយហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព និងផ្លាស់ប្តូរមន្ត្រីយោធាជាន់ខ្ពស់ទៅវិញទៅមក ប៉ុន្តែដោយសារជំងឺរាតត្បាតកូវីដ-១៩ មានការរាំងស្ទះបន្តិចបន្តួចត្រូវបានអាក់ខាន ក៏ដូចជាការចូលសុំចតរបស់នាវារបស់សហព័ន្ធរុស្ស៊ី។
នៅក្នុងជំនួបដាច់ដោយឡែកជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី លោកវរនាវីឯក Ivan STADCHENKO បានស្នើដល់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសលើការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ។

ជាការឆ្លើយតបនាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពចំពោះអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ក្នុងការស្នើសុំឲ្យមានសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និង រុស្ស៊ី ដោយចាត់ទុកថានេះជាកិច្ចការដ៏សំខាន់មួយដល់ការបង្កើននូវទំនាក់ទំនងល្អ ក៏ដូចជាការបង្ហាញនូវបទពិសោធន៍ និងបង្កើនសមត្ថភាពរវាងកងទ័ពប្រទេសទាំងពីរផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

