នៅថ្ងៃទី២៦ ខែ១០ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា បានធ្វើការបាញ់បង្ហោះកាំជ្រួចអន្តរទ្វីប៤គ្រាប់ជាបន្តបន្ទាប់ក្នុងសមយុទ្ធយោធា ដោយមានការចូលរួមរបស់បណ្តាយន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ។
រុស្ស៊ីបាញ់ទម្លាក់យន្តហោះ
កាំជ្រួចរុស្ស៊ីចាកចេញពីទម្រក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំ
RT បានដកស្រង់របាយការណ៍ក្រសួងការពារជាតិរុស្ស៊ីឲ្យដឹងថា បណ្តាករណីបង្ហោះកាំជ្រួចអន្តរទ្វីបត្រូវបានដំណើរការក្នុងក្របខណ្ឌនៃសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ បណ្តាកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
តាមរបាយការណ៍ដដែលកាំជ្រួចអន្តរទ្វីប Topol ជាអាវុធមួយក្នុងចំណោមអាវុធស្មុគស្មាញបំផុតរបស់រុស្ស៊ី បានវាយប្រហារចំគោលដៅសន្មតនៅទីលានសាកល្បង Kura ក្រោយពេលត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបង្ហោះកាំជ្រួច Plesetsk នៃភាគពាយ័ព្យប្រទេសនេះ ។
ក្រៅពីនោះនាវាមុជទឹក២របស់រុស្ស៊ី ដែលមួយចំណុះកងនាវាប៉ែកខាងជើង ហើយមួយទៀតចំណុះកងនាវាប៉ាស៊ីហ្វិក បានបាញ់បង្ហោះជាបន្តបន្ទាប់នូវកាំជ្រួចអន្តរទ្វីបចំនួន៣ក្នុងសមយុទ្ធនេះ តាមក្រសួងការពារជាតិរុស្ស៊ីបណ្តាគោលដៅនៃសមយុទ្ធសុទ្ធតែដំណើរការទៅបានជោគជ័យ។
ក្រសួងការពារជាតិរុស្ស៊ីឲ្យដឹងថា បណ្តាយន្តហោះទម្លាក់គ្រាប់រយៈចំងាយឆ្ងាយ Tu-160, Tu-95MS និង Tu-22M3 សុទ្ធសឹងបង្ហាញនូវកម្លាំងយ៉ាងខ្លាំងក្លានៃការធ្វើសមយុទ្ធ។ បណ្តាយន្តហោះទាំងនេះ បានបាញ់បង្ហោះកាំជ្រួចមានកម្មវិធីនាំផ្លូវបានបាញ់ចំគោលដៅ២ ដែលដាក់នៅរុស្ស៊ីនិងKazakhstan។
គួររំលឹកថា កាលពីខែមុន កងទ័ពរុស្ស៊ីបានសាកពិសោធន៍ជោគជ័យនៃកាំជ្រួច Topol ដែលបំពាក់ក្បាលគ្រាប់ទំនើប។ ប្រការនេះធ្វើឲ្យកាំជ្រួចរបស់រុស្ស៊ីងាយស្រួលរំលងផុតប្រព័ន្ធការពារកាំជ្រួចរបស់គូសត្រូវ៕ ដោយ ៖ សូយន