ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួនបានជាក់ស្តែង ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយនៅពេលដែលជិះម៉ូតូគេចខ្លួនក៏បានជួបជាមូយប៉ូលីសដែលកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះ ទើបប៉ូលីសដេញតាម រហូតចាប់ខ្លួនបានតែម្តង។
ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនកាលពីរាត្រីថ្ងៃទី០២ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២១និង២០នាទី នៅចំណុច មុខ សាលាវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ផ្លូវ លេខ១២៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ១-ឈ្មោះ ឯក សុវណ្ណដន ហៅ ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ឌុល សុខាលីដេន ហៅដេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ នៅ សុផាននី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែនៅផ្សារដើមគរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8011237 , ទូរស័ព្ទមួយគ្រឿងម៉ាក I phone 6S plus ពណ៌ខ្មៅ (ចាប់យកពីឈ្មោះ ឯក សុវណ្ណដន ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ) ។ ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 7 Plus ពណ៌ខ្មៅ បែកអេក្រង់ ( ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ឌុល សុខាលីដេន ) សមត្ថកិច្ចយើងបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
មន្ត្រីប៉ូលីសផ្នែកព្រហ្មខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០និង០០នាទី ជនរងគ្រោះឈ្មោះ នៅ សុផាននី បានជិះម៉ូតូចេញពីផ្ទះម្ដុំស្ទឹងមានជ័យ ក្នុងគោលបំណងទៅឌុបបងប្រុសកន្លែងធ្វើការ នៅខាងក្រោយសាលាវិទ្យាល័យជាស៊ីម សន្ធរម៉ុក ផ្លូវ លេខ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លុះពេលជនរងគ្រោះបានជួបបងប្រុសហើយជនរងគ្រោះក៏ឌុបបងប្រុសចេញពីធ្វើការក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ លុះពេលជិះមកដល់ចំណុចមុខផ្ទះលេខ៤៧៤ ផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះក៏ឈប់ម៉ូតូរួចយកទូរស័ព្ទដៃមកនិយាយទៅកាន់បងស្រីរបស់ខ្លួន កំពុងតែនិយាយ ស្រាប់តែមាជនសង្ស័យ០២នាក់ឈ្មោះ ឯក សុវណ្ណដន ហៅ ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ឌុល សុខាលីដេន ហៅដេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 មកអែបជិតជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ឌុល សុខាលីដេន ជាអ្នកជិះខាងក្រោយបានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះបត់ក្រោយគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយហើយស្រែកថាចោរៗ ស្របពេលនោះកំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលកំពុងដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះនៅចំណុចមុខ សាលាវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ផ្លូវ លេខ១២៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដែលមានទីតាំងនៅក្បែរគ្នាននោះក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរ និងចាប់យកវត្ថុតាង ទូរស័ព្ទដៃរបស់ជនរងគ្រោះពីជនសង្ស័យរួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ