ភ្នំពេញ ៖ ទោះបីជាប្រទេសកម្ពុជារួមចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិភពលោក ក៏ដោយក៏ប្រទេសនេះ ងាយរងគ្រោះខ្លាំងដោយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។ គោលនយោបាយនិងសកម្មភាព សំខាន់ៗអាចជួយប្រទេសកម្ពុជា ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប។

ថ្វីត្បិតតែបច្ចុប្បន្ននេះកម្ពុជារួមចំណែកត្រឹមតែ ០,០២% ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិភពលោក ក៏ដោយ ប៉ុន្តែប្រទេសនេះមានហានិភ័យខ្ពស់ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជា ទំនងជានឹងទទួលរងពីការកើនឡើង នៃទឹកជំនន់និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលមានផលប៉ះពាល់ដល់ការ ផលិតស្បៀងអាហារ ជាពិសេសស្រូវ។
នេះបើយោងតាមលោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេស នៃនិវេសដ្ឋាន បេសកកម្ម ប្រចាំកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង លោក សេដ្ឋវិទូ Darren Byers បានបញ្ជាក់នៅក្នុងសំណេររបស់លោកស្រី ដែលមានចំណងជើងថា កម្ពុជាកំពុងបោះជំហានល្អលើផ្លូវវែងឆ្ងាយឆ្ពោះទៅរកំណើនសេដ្ឋកិច្ចកាបូនទាប។
លោកស្រី Sunniya បានបញ្ជាក់នៅក្នុងអត្ថបទសំណេររបស់លោកស្រីថា នៅឆ្នាំ ២០៣០ ការបាត់បង់ព្រៃឈើនិងការប្រើប្រាស់ដីក្នុងគោលបំណងផ្សេងទៀត នឹងរួមចំណែករហូត ដល់ ៤៩%នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ដែលតាមពីក្រោយដោយវិស័យ ថាមពល (២២%) និងវិស័យកសិកម្ម (១៧.៥%) ។

លោកស្រីថា៖ «ការស្រាវជ្រាវរបស់យើងបង្ហាញថា មានសកម្មភាពសំខាន់ៗ ដែលរាជរដ្ឋាភិបាលនិងវិស័យផ្សេងទៀតនៅ ក្នុងប្រទេសកម្ពុជាគួរពិចារណា ដើម្បីជួយប្រទេសឆ្ពោះទៅ រកកំណើនសេដ្ឋកិច្ចកាបូនទាប។ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការដាំដើមឈើឡើងវិញ និងការលើកកម្ពស់ការគ្រប់គ្រងធនធាន ជាប្រព័ន្ធ ព្រមទាំងឥន្ធនៈស្អាត នឹងមិនត្រឹមតែកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយការខូចខាត បង្កដោយទឹកជំនន់នៅទីក្រុងក៏ដូចជាទីជនបទ ព្រមទាំងកាត់ បន្ថយការចំណាយលើការ ស្តារហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃខ្ពស់។»
កំណើនកាបូនទាបលែងជាទំនួលខុសត្រូវតែឯង របស់រាជរដ្ឋាភិបាលទៀតហើយ។ អ្នកប្រើប្រាស់ត្រូវ ទាមទារ អន្តរាគមន៍ដោះស្រាយទាំងក្នុងប្រទេស ក្នុងតំបន់ និងទូទាំងពិភពលោក។ និយតករត្រូវបង្កើត ការលើកទឹកចិត្ត ខណៈដែលវិស័យហិរញ្ញវត្ថុត្រូវគិតគូរពីការចំណាយ លើហានិភ័យបង្កដោយអាកាសធាតុក្នុងការផ្តល់ហិរញ្ញប្បទាន និងការកំណត់តម្លៃរបស់ខ្លួន។

លោកស្រី Sunniyaនិងសហការីបានគូសបញ្ជាក់នៅក្នុងអត្ថបទសំណេរថា គោលនយោបាយមួយចំនួនកំពុងត្រូវ បានសាកល្បងដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបង្កើនការ វិនិយោគបៃតង និងការវិនិយោគស្អាត។ ការខាតបង់ដោយសារការបញ្ចេញកាបូន ជាអ្វីមួយដែលអ្នក សេដ្ឋកិច្ច ភាគច្រើនគួរ យល់ស្របគ្នា ដោយសារការចំណាយលើកាបូនគឺជាអ្វីដែលងាយមើល ឃើញ បំផុតដែលអាចប្រើដើម្បីលើកទឹកចិត្ត សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នពុល។
ប្រព័ន្ធជួញដូរការបញ្ចេញឧស្ម័នឬទីផ្សារកាបូន គឺជាមធ្យោបាយមួយដើម្បីកំណត់ការចំណាយខាងលើ។ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ កម្ពុជាបានលក់ឥណទានកាបូនដែលមានតម្លៃ ១១,៦ លានដុល្លារ ពីទីតាំងចំនួនបីគឺដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។
បណ្តាប្រទេសនៃក្រុមអនុតំបន់មេគង្គដែលរួមមានកម្ពុជា និងផ្នែកខ្លះនៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ ក៏បានគិតគូរពីការអភិវឌ្ឍទីផ្សារថាមពលក្នុងតំបន់ ប៉ុន្តែការជួញដូរកាបូននៅក្នុងវិស័យ នេះមាន ភាពស្មុគស្មាញច្រើន។ ដោយសារការផលិតធ្យូងថ្មគឺជាប្រភពឥន្ធនៈ ដែលការបំពុលកាបូនច្រើនបំផុតនៅក្នុងតំបន់ (លើកលែង តែវាមានវិធីសាស្រ្តរួមក្នុងការកំណត់តម្លៃកាបូន) មានហានិភ័យដែលការបង្កើតធ្យូងថ្មនឹងបន្តមិនឈប់ ឈរ ខណៈដែលគ្មានតម្លៃកាបូន នាំដល់ការកាត់បន្ថយប្រសិទ្ធភាពនៃឧបករណ៍ គោលនយោបាយនេះ ដោយបង្កើតជា “ការលេចធ្លាយ” នៃការបំភាយឧស្ម័ន។
ឧបករណ៍គោលនយោបាយមួយទៀត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន គឺការកំណត់ដោយរដ្ឋាភិបាលទៅលើពន្ធកាបូន ឬតម្លៃក្នុងមួយតោននៃការបញ្ចេញកាបូន។ បទប្បញ្ញត្តិដែលតម្រូវឱ្យក្រុមហ៊ុនបង្ហាញ ពីផលប៉ះពាល់លបរិយាកាសនិងសង្គម របស់ពួកគេ ដល់វិនិយោគិនបច្ចុប្បន្ននិងសក្តានុពល គឺជា គោលនយោបាយដ៏មានប្រសិទ្ធភាពមួយទៀត ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឱ្យកាត់បន្ថយកាបូន ក្នុងសកម្មភាពរបស់ខ្លួន។ ឧបករណ៍គោលនយោបាយទាំងនេះ គួរត្រូវបានពិចារណាដោយប្រទេសកម្ពុជា។

ដើម្បីគាំទ្រដល់ការវិនិយោគបៃតង អត្រាពន្ធនាំចូលអនុគ្រោះសម្រាប់ការវិនិយោគបរិស្ថានមេត្រី (feed-in-tariffs) ត្រូវបានអនុវត្តដោយរាជ រដ្ឋាភិបាលសម្រាប់បច្ចេកវិទ្យា ថាមពលកកើតឡើងវិញថ្មីៗ កាលពី អតីត កាល ប៉ុន្តែឧបករណ៍គោលនយោបាយនេះ លែងមានតម្រូវការទៀតហើយ ដោយសារ ការចំណាយ លើបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ដើម្បីកាត់បន្ថយការចំណាយលើ ថាមពលកកើតឡើងវិញបន្ថែមទៀត បច្ចុប្បន្នប្រទេសកម្ពុជា កំពុងប្រើប្រាស់ការដេញថ្លៃ ឧទាហរណ៍ដូចជាការដេញថ្លៃ ប្រកបដោយការប្រកួតប្រជែង៕
រក្សាសិទ្ធិដោយ៖CEN