Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធាន ដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ នៅថ្ងៃទី០៩ ខែកញ្ញា

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១។
បណ្តាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមកិច្ចប្រជុំដោយផ្ទាល់ រួមមាន
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៏ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ព្រមទាំងរដ្ឋមន្រ្តីពាក់ព័ន្ធផ្សេងទៀតផងដែរ។

ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។

កិច្ចប្រជុំក៏នឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់កាន់តែរួបរួមគ្នា ប្រកបដោយវិបុលភាព ចីរភាព និងបរិយាប័ន្ន នៅក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។
គួរកត់សម្គាល់ថា កម្មវិធីមហាអនុតំបន់មេគង្គឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ និងកិច្ចសន្ទនា ក្នុងចំណោមបណ្តាសមាជិកមហាអនុតំបន់មេគង្គ។

មហាអនុតំបន់មេគង្គផ្តោតលើគម្រោងអនុតំបន់នានាដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×