ខេត្តស្វាយរៀង ៖ បុរសម្នាក់បន្ទាប់ពីមកពីស៊ីផឹកស្រវឹង ហើយមកផ្ទះវិញមិនឃើញប្រពន្ធនៅក៏កើតចិត្តខឹង បានទាញយកម៉ូតូខូចទុកចោលខាងក្រោយផ្ទះយកមកដុតនៅខាងមុខផ្ទះ និងរត់ឡើងលើផ្ទះយកខោជើងវែងចងករសម្លាប់ខ្លួនផ្អើលដល់ប្រជាការពារនិងពលរដ្ឋជួយទាន់ពេលវេលា។
ករណីដុតម៉ូតូនិងចងករសម្លាប់ខ្លួននោះបានកើតឡើងកាលវេលាម៉ោង៧ និង០៥នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ៖ បុរសខាងលើមានឈ្មោះឈូក រតនា ភេទប្រុស អាយុ 28 ឆ្នាំ មុខរបធ្វើស្រែ ប្រពន្ធ ឈ្មោះអី សុផាត មុខរបកម្មរោងចក្ររស់នៅភូមិកើតហេតុខាងលើ។ ប្រភពខាងលើបានបន្តទៀតថា ៖ នៅមុនពេលកើតហេតុឈ្មោះឈូក រតនា ផឹកស្រាស្រវឹងជោគ ហើយនៅពេលមកដល់ផ្ទះវិញ ប្រពន្ធមិននៅផ្ទះក៏កើតចិត្តខឹងក្តៅក្រហាយបានយកម៉ូតូរបស់ខ្លួនយកមកដុតខាងមុខផ្ទះតែម្តង ហើយម៉ូតូដែលបុរសខឹងប្រពន្ធយកមកដុតនោះ ម៉ាកគុប ពណ៌ស្លែចាស់ គ្មានកង់មុខ គ្មានកង់ក្រោយនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ៖ ក្រោយពេលដុតរួចបានរត់ចូលទៅក្នុងផ្ទះយកខោជើងវែងមកចងកនឹងរ៉តផ្ទះពេលនោះបានកម្លាំងប្រជាការពារភូមិកំពុងដើរល្បាតតាមផ្លូវខាងមុខផ្ទះបានស្រែកហៅបងប្អូនមកជួយស្រាយទំលាក់ទន់រួចបានហៅឡានពេទ្យមកដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តស្វាយរៀង។
សូមបញ្ជាក់ផងដែរថា ៖ នេះជាលើកទី២ហើយដែលបុរសស្រវឹងខួបខាងលើចងកសម្លាប់ខ្លួន៕ វ៉ៃកូ