Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា លើកឡើង នូវបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងការរួមចំណែក ដោះស្រាយបញ្ហា ក្នុងតំបន់និងអន្តរជាតិ

ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងនូវបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិ និងជាពិសេសក្នុងស្ថានភាពដ៏តានតឹង នៃការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយ រវាងប្រទេសមហាអំណាច និងបញ្ហាចំពោះមុខដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ន។

ការលើកឡើងនេះ បានធ្វើឡើងថ្លែងសុន្ទរកថាបើកកម្មវិធីកម្រងបាឋកថាស្តីពី «Cambodia & ASEAN and Cambodia as ASEAN Chairmanship 2022» ដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។


រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ របស់កម្ពុជា ក្នុងការក្លាយជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ដោយវាជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សានូវឯកភាព សាមគ្គីភាព ភាពធន់ និង មជ្ឈភាពរបស់អាស៊ាន។

ឯកឧត្តមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានចង្អុលបង្ហាញអំពីគុណសម្បត្តិអាស៊ាន ដោយបន្សល់នូវនិម្មាបនកម្មតំបន់សំខាន់ៗ ជាច្រើន ដែលជាមាគ៌ាធានា និងរក្សាបាននូវស្ថិរភាព និងវិបុលភាពតំបន់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តខិតខំប្រឹងប្រែងលើកកម្ពស់ យន្តការនានាដែលផ្តោតសំខាន់ លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋានលើភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ទាំងបញ្ហាប្រឈមមិនប្រពៃណីដែលមានស្រាប់ និងកំពុងលេចឡើងមួយចំនួនទៀត ដែលអាស៊ានកំពុងជួបប្រទះ ក៏ដូចជាការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិជំងឺកូវីដ-១៩។

កម្រងបាឋកថាខាងលើមានទិសដៅ (១) លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងរវាងកម្ពុជា-អាស៊ាន (២) ផ្សព្វផ្សាយនូវតួនាទី និងការត្រៀមខ្លួន​ របស់កម្ពុជាក្នុងនាមជាប្រធាន ប្តូរវេនអាស៊ានឆ្នាំ២០២២ និង (៣) ចែករំលែកនូវឱកាស និងបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩។ កម្រងបាឋកថានេះ នឹងរៀបចំឡើងជាបីវគ្គ ដែលវគ្គទីមួយសម្រាប់មន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វគ្គទីពីរសម្រាប់មន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវគ្គទីបីសម្រាប់ក្រុមនិស្សិត និងយុវជន ដោយមានការអញ្ជើញផ្តល់បទឧទ្ទេសនាមដោយលោក ស៊ឹម វីរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×