ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលទេ និងតាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វ៉ាង យី (WangYi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងមានជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្តិភាពនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
លោក វ៉ាង យី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីប្រកាសប្រគល់និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងឲ្យដឹងថា ឯកឧត្តម វ៉ាង យី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន នឹងអញ្ជើញចូលរួមពិធីប្រកាសប្រគល់និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី៨ ខែកញ្ញា បានឲ្យដឹងថា ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននឹងអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានិង ប្រទេសបីប្រទេសផ្សេងទៀតក្នុងពេលឆាប់ៗនេះ។
ស្ថានទូតចិនបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម ផាម ប៊ិញមិញ(Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី វៀតណាម និងឯកឧត្តម ប៊ូ ថាញ់ សន(Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាម, ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឯកឧត្តម Chung Eui-yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ឯកឧត្តមទីប្រឹក្សារដ្ឋ Wang Yi រដ្ឋមន្ត្រីការបរទេសចិននឹងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១០ដល់១៥ ខែកញ្ញា។ ឯកឧត្តម Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការបញ្ជាការ កិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម ជាមួយឯកឧត្តម Pham Binh Minh។

ប្រភពស្ថានទូតបានបន្ថែមថា ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងសុទ្ធតែជាប្រទេសជិតខាងនិងជាដៃ គូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិន។ប្រឈមមុខជាមួយជំងឺវីរុសកូវីដ១៩ចិននិងប្រទេសជិតខាងបានជួយគ្នាទៅវិញទៅមករួមសុខរួមទុក្ខជាមួយគ្នាបានបោះជំហានទៅមុខក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជាសកលនិងការស្តារជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិនជូន ចំពោះប្រទេសទាំងបួនក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាសនៃការបំពេញទស្សនកិច្ច ឯកឧត្តម Wang Yi នឹងពិភាក្សាយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗដែលបានឯកភាពគ្នាដោយឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់និងផ្លូវ” និងកិច្ចកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។ ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួនជំរុញ ទំនាក់ទំនងទ្វេភាគីឱ្យទទួលបានសមិទ្ធផល ផ្លែផ្កាថ្មីៗឥតឈប់ឈររួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមានកាន់តែច្រើន ដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ រហូតដល់លើពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ