ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃម្សិលមិញ បានសម្រេចដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក ប្រមាណ ៣០លានដុល្លារបន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យក្នុងការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារចំនួន ២០លានដុល្លារកាលពីសប្តាហ៍មុននេះ។ ការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារនេះគឺដើម្បីរក្សាសិ្ថរភាពនៃអត្រាប្តូរប្រាក់នៅលើទីផ្សារ និងលើកកម្ពស់ប្រាក់រៀល។
តាមសេចក្តីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ធនាគារកណ្តាល បានអំពាវនាវឲ្យតគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ឲ្យចូលរួមដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៣០លានដុល្លារនេះនៅថ្ងៃសុក្រទី១០ កញ្ញានេះ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះធនាគារជាតិបាន ដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារចំនួន ២០លានដុល្លារអាមេរិករួចមកហើយ។ ក្នុងនោះមានគ្រឹះស្ថាននិងអាជីវករប្តូរប្រាក់ចូលរួមចំនួន ១១ ដោយអត្រាអប្បបរមាដេញថ្លៃឈ្នះ មានតម្លៃ ៤.១១៨ រៀលក្នុងមួយដុដល្លារអាមេរិក៕