ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយនៅក្នុងនោះអង្គប្រជុំរដ្ឋសភា បានលើកយករបៀបវារៈចំនួន ៨ មកពិភាក្សា និងអនុម័ត។
ក្នុងចំណោមរបៀបវារៈទាំងនោះ មានសេចក្តីព្រាងច្បាប់ និងកិច្ចព្រមព្រៀងសំខាន់ៗ ដែលនឹងក្លាយជាយន្តការគតិយុត្តគន្លឹះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំាងនៅក្នុងក្របខណ្ឌជាតិ តំបន់ ក៏ដូចជាសកលលោក ដែលក្នុងនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា, សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង, សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧, សេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។
សេចក្តីព្រាងច្បាប់ទំាងនេះ ផ្តល់លទ្ធភាពកាន់តែប្រសើរដល់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងរួមចំណែកជាមួយតំបន់ និងសកលលោក សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយជាក្របខ័ណ្ឌស្នូល សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគតំបន់ ដោយពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ និងនាំមកនូវឱកាសទីផ្សារ និងការងារសម្រាប់អាជីវកម្ម និងប្រជាជននៅក្នុងប្រទេស និងតំបន់។
ជាការកត់សម្គាល់ “សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ សេចក្តីព្រាងច្បាប់នេះ នឹងទាក់ទាញលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាតាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគំាទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច។ ការធ្វើទំនើបកម្ម ការង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខែ្សច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យាចំណេះដឹង និងចំណេះធ្វើ ជាដើម៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ